កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល

កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល


ក​​ម្ពុជា និងសិង្ហបុរី បានសហការគ្នាយ៉ាងជោគជ័យក្នុងការទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារអាមេរិក ព្រមទាំងផ្ទេរប្រាក់នេះត្រឡប់ទៅឱ្យក្រុមហ៊ុនរងគ្រោះវិញ បន្ទាប់ពីចាញ់បោកក្រុមជនសង្ស័យតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិសិង្ហបុរី និងធនាគារជាតិនៃកម្ពុជា បានទប់ស្កាត់ការឆបោកធំមួយតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។ ទឹកប្រាក់ចំនួន១២,៨ លានដុល្លារអាមេរិក ដែលក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ផ្ទេរចូលគណនីធនាគារក្នុងប្រទេសកម្ពុជា ត្រូវបានបង្កក និងផ្ទេរត្រឡប់ទៅក្រុមហ៊ុនរងគ្រោះវិញ។

នៅរសៀលនៅថ្ងៃទី ២៩ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៊ីម៉ែលនេះ។

សេចក្តីប្រកាសបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ នគរបាលជាតិសិង្ហបុរី បានទទួលរបាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ត្រូវបានជនសង្ស័យប្រើប្រាស់អ៊ីម៉ែលក្លែងក្លាយឆបោកឱ្យផ្ទេរប្រាក់ចំនួន ១២,៨ លានដុល្លារអាមេរិក ទៅកាន់គណនីធនាគារសង្ស័យមួយនៅក្នុងប្រទេសកម្ពុជា។

ភ្លាមៗនោះ នគរបាលជាតិសិង្ហបុរីបានស្នើសុំកិច្ចសហប្រតិបត្តិការមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានក្រុមការងារ Hotline Scam 24/7 ជាសេនាធិការ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្របសម្រួលជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងផ្ទេរប្រាក់នោះត្រឡប់ទៅកាន់ជនរងគ្រោះវិញបានដោយជោគជ័យ។

បើតាមស្ថាប័នសមត្ថកិច្ច ករណីនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព ប្រសិទ្ធភាព និងការប្តេជ្ញាចិត្តខ្ពស់របស់នគរបាលជាតិកម្ពុជា ក្នុងការសហការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងបានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា