លោក គីម ជុងអ៊ុន ប្រកាសត្រៀមធ្វើសង្គ្រាម ហើយថា ទ័ពកូរ៉េខាងជើងម្នាក់អាចទប់ទល់សត្រូវ ១០០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ប្រកាសត្រៀមធ្វើសង្គ្រាម ហើយថា ទ័ពកូរ៉េខាងជើងម្នាក់អាចទប់ទល់សត្រូវ ១០០នាក់

លោក គីម ជុងអ៊ុន ប្រកាសត្រៀមធ្វើសង្គ្រាម ហើយថា ទ័ពកូរ៉េខាងជើងម្នាក់អាចទប់ទល់សត្រូវ ១០០នាក់

ព្យុងយ៉ាង ៖ ចំពេលផ្ទុះភាពតានតឹងខ្លាំងតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង, លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រកាសប្រាប់នៅចំពោះមុខកងទ័ពថា ត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមឲ្យបានពេញលេញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA ថ្មីៗនេះ។

អំឡុងកិច្ចប្រជុំលើកទី ៣ នៃមេបញ្ជាការកងអនុសេនាធំរបស់កងទ័ពប្រជាជនកូរ៉េ ហៅកាត់ KPA កាលពីថ្ងៃអង្គារ សប្តាហ៍នេះ, លោក គីម ជុងអ៊ុន បានរៀបរាប់ថា «ភារកិច្ចបដិវត្តន៍ចម្បងរបស់មេបញ្ជាការកងអនុសេនាធំ គឺត្រូវបញ្ចប់ការរៀបចំប្រយុទ្ធឲ្យរួចរាល់ នៅក្នុងអង្គភាព ដើម្បីត្រៀមខ្លួនឱ្យបានពេញលេញសម្រាប់ការផ្ទុះសង្គ្រាម»។

មេដឹកនាំកូរ៉េខាងជើងវ័យ៤២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ភាពស្មោះត្រង់ និងសមត្ថភាពដឹកនាំរបស់ពួកគេ គួរតែត្រូវបានបង្ហាញ តាមរយៈជោគជ័យក្នុងការប្រែក្លាយអង្គភាពរបស់ខ្លួន ឱ្យទៅជាកងកម្លាំងដែល «ម្នាក់អាចទប់ទល់នឹងសត្រូវមួយរយនាក់ ដោយមានជំនឿមុតមាំលើបដិវត្តន៍, មានស្មារតីស្នេហាជាតិ, មានវីរភាពដ៏អស្ចារ្យដែលគ្មានគូប្រៀប និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធ»។

បើតាម anadolu, ការលើកឡើងរបស់លោក គីម ដែលប្រាប់ឲ្យកងទ័ពត្រៀមខ្លួនចូលសមរភូមិធ្វើសង្គ្រាមយ៉ាងដូច្នេះ បានធ្វើឡើង ក្នុងពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងកើនឡើង ពោលគឺបន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់ កាលពីខែមុន នៅក្នុងតំបន់គ្មានយោធា DMZ ដែលខណ្ឌចែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាហេតុបណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស។

ទីក្រុងសេអ៊ូលបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា ជាអ្នកបង្កហេតុការណ៍នេះឡើង ប៉ុន្តែ ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ ហើយរហូតមកទល់ពេលនេះ នៅមិនទាន់ឆ្លើយតបចំពោះសំណើសម្រាប់ការចរចារវាងបងប្អូនកូរ៉េទាំងពីរ នៅឡើយទេ។

ជាមួយគ្នានេះ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង សុទ្ធតែបានផ្ញើលិខិត ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរៀបរាប់ពីទស្សនៈរៀងៗខ្លួន ជុំវិញហេតុការណ៍ដែលបានកើតឡើង នៅក្នុងតំបន់ DMZ កាលពីថ្ងៃទី ២១ ខែកញ្ញា៕

ប្រភព ៖ koreatimes_ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា