រុស្ស៊ី និងអ៊ុយក្រែន កោតសរសើរភរិយាលោក ត្រាំ ចំពោះការសម្របសម្រួលបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី និងអ៊ុយក្រែន កោតសរសើរភរិយាលោក ត្រាំ ចំពោះការសម្របសម្រួលបទឈប់បាញ់

រុស្ស៊ី និងអ៊ុយក្រែន កោតសរសើរភរិយាលោក ត្រាំ ចំពោះការសម្របសម្រួលបទឈប់បាញ់

វ៉ាស៊ីនតោន ៖ លោកស្រី Melania Trump ស្ត្រីទីមួយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទទួលបានការកោតសរសើរ ទាំងរុស្ស៊ី និងអ៊ុយក្រែន ចំពោះការសម្របសម្រួលបទឈប់បាញ់ ដើម្បីផ្តល់ជំនួយ នៅទីក្រុង Oleshky។ នេះបើតាមការចេញផ្សាយរបស់ reuters។

បើតាមប្រភព, ភរិយារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ បានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់មួយ នៅជុំវិញទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និង កំពុងជួបប្រទះការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។

បទឈប់បាញ់នេះត្រូវបានធ្វើឡើង ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងចាប់ផ្តើម ដើម្បីនាំយកស្បៀងអាហារ និងថ្នាំពេទ្យចូលទៅក្នុងតំបន់នោះ ព្រមទាំងអនុញ្ញាតឱ្យមនុស្សរាប់រយនាក់អាចចាកចេញបាន។

បទឈប់បាញ់នេះអនុវត្តតែចំពោះទីក្រុង Oleshky និងតំបន់ Kherson ទាំងមូលប៉ុណ្ណោះ ដែលជាតំបន់បានរងការវាយប្រហារស្ទើរតែរៀងរាល់ថ្ងៃ ពីសំណាក់យន្តហោះដ្រូន និងកាំភ្លើងធំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងចំណោមប្រជាជនចំនួន ២៤.០០០ នាក់ដែលធ្លាប់រស់នៅទីនោះមុនសង្គ្រាម, គេជឿថា មានប្រជាជនប្រហែល ១.៥០០ នាក់ នៅតែបន្តរស់នៅកណ្តាលគំនរបាក់បែក ដោយត្រូវប្រឈមមុខនឹងការទម្លាក់គ្រាប់ផ្លោងជាប្រចាំ ព្រមទាំង ការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។

ប្រតិបត្តិការនៅទីក្រុង Oleshky នេះ មានគោលបំណងដោះស្រាយវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងទីក្រុងមួយ ដែលត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅនៅក្នុងតំបន់សង្គ្រាមតាំងពីឆ្នាំ ២០២២ មក។

ប៉ុន្តែប្រតិបត្តិការនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតផងដែរ ដោយភាគីទាំងពីរចង់បង្ហាញទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា ពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់លោក ទោះបីជាពួកគេមានហេតុផលផ្សេងៗគ្នាក៏ដោយ។

បើតាមប្រធានាធិបតីរុស្ស៊ី ថ្លែងក្នុងកិច្ចប្រជុំមួយ, ជំនួយសង្គ្រោះចាប់ផ្តើមទៅដល់ដៃប្រជាពលរដ្ឋ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយមានការគាំទ្រពីលោកស្រីទីមួយនៃសហរដ្ឋអាមេរិក៕

ប្រភព ៖ reuters , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា