កូរ៉េខាងជើង ថា ទណ្ឌកម្មមិនអាចប្តូរឋានៈខ្លួន ក្នុងនាមជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ថា ទណ្ឌកម្មមិនអាចប្តូរឋានៈខ្លួន ក្នុងនាមជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរឡើយ

កូរ៉េខាងជើង ថា ទណ្ឌកម្មមិនអាចប្តូរឋានៈខ្លួន ក្នុងនាមជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរឡើយ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានអះអាងនៅថ្ងៃសៅរ៍ ទី៣១ ខែតុលានេះថា ទណ្ឌកម្មនានាមិនអាចផ្លាស់ប្តូរឋានៈរបស់ខ្លួនក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរបានឡើយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានថ្កោលទោសសេចក្តីថ្លែងការណ៍រួមមួយ ចេញដោយក្រុមប្រទេសមួយចំនួន ដែលតាមដានការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយចាត់ទុកថាវាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព» របស់ខ្លួន ដែលកើតចេញពីអរិភាពរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។

សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ក្នុងសប្តាហ៍នេះ ដោយក្រុមប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ អនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេចស្តីពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ ដែលមិនបញ្ចេញឈ្មោះ និយាយអះអាងថា «ទណ្ឌកម្ម និងសម្ពាធអាចមានប្រសិទ្ធភាពចំពោះអ្នកដែលទន់ខ្សោយ ប៉ុន្តែវាមិនអាចមានប្រសិទ្ធភាពចំពោះយើងឡើយ»។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា «យុទ្ធនាការដាក់ទណ្ឌកម្មតាមទម្រង់ដដែលៗរបស់សហរដ្ឋអាមេរិក និងលោកខាងលិច មិនអាចជះឥទ្ធិពលដល់ជំហររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងនាមជារដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរនោះទេ»។

បើតាម straitstimes, សេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តចាប់តាំងពីឆ្នាំ ២០០៦ មក គឺមានគោលបំណងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា