ចិន បាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស

ចិន បាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានបាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស ។ រូបភាពនៃយាននេះ ត្រូវថតបានក្នុងឆ្នាំ២០២៤ ដោយផ្កាយរណបពិភពលោក WorldView-3 របស់ក្រុមហ៊ុនឯកជនអាមេរិក Vantor ពីចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ។
 
ក្រោយមក រូបភាពយាននេះត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍សន្តិសុខអវកាសរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ហើយទើបតែត្រូវបានបញ្ចេញផ្សព្វផ្សាយជាសាធារណៈនៅចុងខែតុលានេះ ។
 
បើតាមវេបសាយ Space, យានអវកាសរបស់ប្រទេសចិននេះ មានឈ្មោះថា Shenlong ឬនាគសួគ៌ ត្រូវបានបាញ់បង្ហោះទៅក្រៅផែនដីកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មលើកទី៤ របស់វានៅទីអវកាស ។
 
ទីភ្នាក់ងារអវកាសចិនបានត្រឹមបង្ហើបឱ្យដឹងថា យានអវកាស Shenlong នេះ រចនាឡើងមានគោលបំណងសាកល្បងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍវិធីសាស្ត្រធ្វើដំណើរទៅមកក្នុងលំហអាកាសឱ្យកាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃ សម្រាប់ការប្រើប្រាស់ទីអវកាសដោយសន្តិភាពនាពេលអនាគត ។
 
យ៉ាងណា អ្នកតាមដានសកម្មភាពអវកាសបានអះអាងថា យាន Shenlong របស់ចិននេះ មានសមត្ថភាពបញ្ចេញវត្ថុអាថ៌កំបាំងជាច្រើនចូលទៅក្នុងលំហរអាកាស រួចធ្វើការហាត់សមចូលទៅជិត ​និងចាប់យក ឬតភ្ជាប់ជាមួយវត្ថុទាំងនោះត្រឡប់មកវិញ ។
 
ជាមួយនឹងសមត្ថភាពនេះ អ្នកតាមដានសកម្មភាពអវកាសជឿជាក់ថា យាន Shenlong របស់ចិន អាចត្រូវបានប្រើប្រាស់សម្រាប់ទាំងការងារជួសជុល, ការថែទាំផ្កាយរណបខ្លួនឯង ឬអាចប្រើប្រាស់ដើម្បីទៅរំខាន និងកម្ទេចផ្កាយរណបរបស់គូប្រជែងក្នុងពេលមានជម្លោះ ។
 
យានអវកាសសម្ងាត់របស់ចិនមួយនេះ ត្រូវបានប្រភពរាយការណ៍ថា មានស្លាប និងរូបរាងស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងយានអវកាសសម្ងាត់គ្មានមនុស្សបើក X-37B របស់កងកម្លាំងអវកាសអាមេរិក ។
 
ព័ត៌មានដ៏រសើបរបស់យាន Shenlong ត្រូវបានបែកធ្លាយក្នុងបរិបទដែលប្រទេសមហាអំណាចពិភពលោកទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាលើវិស័យអវកាស ដែលធ្វើឱ្យលំហរអាកាសក្លាយជា “សមរភូមិថ្មី” នៃការដណ្តើមអំណាចជាសកល ៕
 
ប្រភព ៖ Space ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា