OPEC+ ព្រមព្រៀងរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល ក្នុងខែធ្នូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
OPEC+ ព្រមព្រៀងរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល ក្នុងខែធ្នូ

OPEC+ ព្រមព្រៀងរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល ក្នុងខែធ្នូ

បរទេស ៖ ក្រុមប្រទេសនាំចេញប្រេង OPEC+ បានព្រមព្រៀងជាគោលការណ៍ក្នុងការរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល នៅក្នុងខែធ្នូ។ នេះបើតាមការចេញផ្សាយរបស់ Reuters កាលពីថ្ងៃសៅរ៍។

បុគ្គលបីរូប ដែលបដិសេធ មិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួន បានបង្ហើបឱ្យដឹងថា ក្រុម OPEC+ រួមមាន អង្គការនៃប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសសម្ព័ន្ធមិត្ត រួមទាំង ប្រទេសរុស្ស៊ីផងដែរនោះ បានព្រមព្រៀងជាគោលការណ៍ក្នុងការរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល នៅក្នុងខែធ្នូ ឆ្នាំ២០២៦នេះ។

នៅក្នុងខែកញ្ញា, ក្រុម OPEC+ បានបញ្ចប់ការលុបចោលជាដំណាក់កាលនូវការកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន ១,៦៥ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលធ្លាប់បានព្រមព្រៀងគ្នា កាលពីឆ្នាំ ២០២៣។

ការរំខានដែលបណ្តាលមកពីជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រ មិនអាចផលិតបានតាមកូតាដែលបានកំណត់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ កាលពីខែកក្កដាថា ក្រុម OPEC+ ទំនងជានឹងមិនធ្វើការផ្លាស់ប្តូរគោលដៅផលិតកម្មរបស់ខ្លួន ក្នុងអំឡុងត្រីមាសទីបួននោះទេ ដោយសារពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការចរចាអំពីកូតាសម្រាប់ឆ្នាំ ២០២៧។

ក្រុមនេះនៅតែមានការកាត់បន្ថយផលិតកម្មមួយកម្រិតទៀត ដែលមានចំនួនប្រហែល ២ លានបារ៉ែលក្នុងមួយថ្ងៃ ដោយអនុវត្តចំពោះសមាជិកភាគច្រើនរហូតដល់ដំណាច់ ឆ្នាំ២០២៦។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុម OPEC+ ត្រូវបញ្ចប់ការពិនិត្យឡើងវិញលើសមត្ថភាពផលិតកម្មរបស់សមាជិកក្នុងអំឡុងត្រីមាសទីបួន មុននឹងកំណត់កម្រិតមូលដ្ឋានសម្រាប់ឆ្នាំ ២០២៧ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់កំណត់កូតានាពេលអនាគត និងរៀបចំផែនការដើម្បីលុបចោល ការកាត់បន្ថយផលិតកម្មទាំងនោះ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា