មុខរបរតជំនាន់៖ អ្នកភូមិសំរោងច្នៃរុក្ខជាតិព្រៃធ្វើអំបោស បម្រើការសម្អាតនៅរមណីយដ្ឋានអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុខរបរតជំនាន់៖ អ្នកភូមិសំរោងច្នៃរុក្ខជាតិព្រៃធ្វើអំបោស បម្រើការសម្អាតនៅរមណីយដ្ឋានអង្គរ

មុខរបរតជំនាន់៖ អ្នកភូមិសំរោងច្នៃរុក្ខជាតិព្រៃធ្វើអំបោស បម្រើការសម្អាតនៅរមណីយដ្ឋានអង្គរ

អ្នកភូមិសំរោង ក្រុងអង្គរ នៅតែបន្តរក្សាមុខរបរធ្វើអំបោសពីដើមរុក្ខជាតិរកពីព្រៃតជំនាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងរួម​ចំណែក​យ៉ាងសំខាន់​ដល់កិច្ចការសម្អាត និងថែរក្សាសោភណភាពរមណីយដ្ឋានអង្គរ។

ដើម្បីសម្រេចបាននូវអំបោសមួយដើម មិនមែនជាការងារងាយស្រួល ។ទោះបីជាការដើរប្រមូលដើមពួច និងដើមម្រេចទន្សាយ​ពីក្នុងព្រៃជ្រៅ តម្រូវឱ្យបោះតង់សម្រាកអត់ធន់ជាច្រើនថ្ងៃ និងទទួលបានប្រាក់ចំណូលមិនសូវខ្ពស់ក៏ដោយ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅតែបន្តរក្សាមុខរបរធ្វើអំបោសអំពីដើមរុក្ខជាតិតាមព្រៃនេះដដែល។មុខរបរតជំនាន់នេះ ដែលមិនត្រឹមតែជួយ​សម្រាល​បន្ទុកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសម្ភារជួយដល់ការសម្អាតបរិស្ថានប្រាសាទក្នុងរមណីយដ្ឋានអង្គរផងដែរ។

អំបោស គឺជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលមិនអាចខ្វះបានឡើយ សម្រាប់បោសសម្អាតតាមផ្ទះ ទីធ្លា និងតាមដងផ្លូវ។ ទោះបី​ជា​អំបោស​ធ្វើអំពីដើមរុក្ខជាតិមានច្រើនប្រភេទយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ បានជ្រើសរើសយក​ដើមពួច និងដើមម្រេចទន្សាយ មកច្នៃធ្វើជាអំបោស ពីព្រោះរុក្ខជាតិ២ប្រភេទនេះ ធន់នឹងសំណឹក ព្រមទាំងស្រាលងាយស្រួលបោស។
 ដើម្បី​បាន​រុក្ខជាតិទាំងនេះមកផលិតជាអំបោស អ្នកភូមិត្រូវឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល។

ស្ថិតក្នុងគ្រួសារមួយដែលប្រកបរបរធ្វើអំបោសតជំនាន់ លោក រឿម សារ៉ូ បានរៀបរាប់ថា ដោយសាររុក្ខជាតិដែលត្រូវធ្វើអំបោស​នៅក្បែរភូមិ​កាន់តែខ្សត់ លោកត្រូវធ្វើដំណើរទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបោះតង់សម្រាកក្នុងព្រៃយ៉ាងតិចជិត ១០ថ្ងៃ ក្នុងមួយជើងៗ ដើម្បីកាប់ដើមពួច និងម្រេចទន្សាយឱ្យបានពេញគោយន្ត។

អ្នកស្រី រឹម ហាវ ដែលជាភរិយា បានឱ្យដឹងបន្ថែមថា ការចេញរកមួយជើងៗអាចកាប់រុក្ខជាតិយកមកធ្វើអំបោសបានចាប់ពី ៥០០ ទៅ ៦០០ដុំ ឬពេលខ្លះរហូតដល់ ១ពាន់ដុំក៏មាន អាស្រ័យលើការខំប្រឹងស្វែងរក។ បន្ទាប់មកឈ្មួញកណ្តាលនឹងមកប្រមូលទិញក្នុងតម្លៃ ៥០០ ទៅ ៦០០រៀលក្នុងមួយដុំ ។

ទោះបីជាតម្លៃហាក់មិនសូវបានខ្ពស់ ប៉ុន្តែរបរធ្វើអំបោសនេះបានក្លាយជាប្រភពចំណូលចម្បងក្នុងការសម្រាលបន្ទុកគ្រួសារយ៉ាងច្រើន បន្ថែមលើមុខ​របរធ្វើស្រែ និងមុខរបរបន្ទាប់បន្សំ។ លើសពីនេះទៅទៀត វាជាមរតកអាជីពតជំនាន់ ដោយអ្នកស្រី រឹម ហាវ ផ្ទាល់បានចេះក្រង និង​ធ្វើអំបោសនេះលក់តាំងពីអាយុ ២០ឆ្នាំមកម្ល៉េះ។

រហូតមកដល់សព្វថ្ងៃ អំបោសដើមពួច និងម្រេចទន្សាយនៅតែទទួលបានការនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅ។ ជាក់ស្តែងនៅក្នុង​រមណីយ​ដ្ឋានអង្គរ គេតែងប្រទះឃើញអំបោសប្រភេទនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់បោសសម្អាតតាមបរិវេណប្រាសាទ ជាពិសេសនៅទីតាំងដែលសម្បូរស្លឹកឈើជ្រុះ ដោយសារវាអាចបោសបានស្អាត និងមានប្រសិទ្ធភាពខ្ពស់ជាងអំបោសដទៃទៀត៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា