អាមេរិក ប្រាប់ផ្លូវឲ្យ រុស្ស៊ី អាចដឹកឧស្ម័នទៅ អឺរ៉ុប គេចផុតទណ្ឌកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រាប់ផ្លូវឲ្យ រុស្ស៊ី អាចដឹកឧស្ម័នទៅ អឺរ៉ុប គេចផុតទណ្ឌកម្ម

អាមេរិក ប្រាប់ផ្លូវឲ្យ រុស្ស៊ី អាចដឹកឧស្ម័នទៅ អឺរ៉ុប គេចផុតទណ្ឌកម្ម

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងព្យាយាមចរចាបង្ហាញផ្លូវ ដើម្បីឱ្យមានការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ដោយគេចផុតពីការដាក់ទណ្ឌកម្ម ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកានេះ ។

កាសែតអាមេរិកមួយនេះបញ្ជាក់ថា ផ្លូវដែលអាមេរិកប្រាប់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់អឺរ៉ុប ដោយមិនឲ្យជាប់ទណ្ឌកម្មនោះគឺតាមរយៈបំពង់បង្ហូរឧស្ម័ន នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសការប្រើប្រាស់ភាគីកណ្តាល និងគណនីទុកដាក់ប្រាក់ជាជនជាតិអាមេរិក ។

បើតាមកាសែតដដែល, ក្រោមសំណើនេះ សេតវិមានបានស្នើឱ្យរក្សាទុកប្រាក់ដែលទទួលបានពីការលក់ឧស្ម័នរុស្ស៊ី នៅក្នុងគណនីទុកដាក់ប្រាក់មួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីទីបី ។

ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមបង្ហាញគំនិតនេះ ទៅកាន់មេដឹកនាំអឺរ៉ុប ដោយចាត់ទុកថា វាគឺជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយតម្លៃប្រេង និងឧស្ម័ន ក្នុងគ្រាដែលស្តុកឧស្ម័ននៅអឺរ៉ុបមានកម្រិតទាបបំផុតមិនធ្លាប់មាន មុនពេលឈានចូលដល់រដូវរងា ។

បើតាម Tass, ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការបើកដំណើរការឡើងវិញ នូវបំពង់បង្ហូរឧស្ម័ន Nord Stream ថា ជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងដ៏ធំជាងនេះ ដែលមិនត្រឹមតែអាចនាំទៅរកដំណោះស្រាយចំពោះវិបត្តិនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចដោះស្រាយជម្លោះដ៏យូរអង្វែងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកផងដែរ ។

យ៉ាងណាមិញ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន TASS នៅឡើយទេ ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា