អាមេរិកបង្ហាញសញ្ញានៃវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបង្ហាញសញ្ញានៃវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់

អាមេរិកបង្ហាញសញ្ញានៃវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា បានបង្ហាញពីវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់ ដើម្បីជៀសវាងការវិលត្រឡប់ទៅរកសង្គ្រាមវិញ។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា កិច្ចពិភាក្សា «យ៉ាងសកម្ម» កំពុងដំណើរការ ហើយថែមទាំងបានស្នើបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ក្រោមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។

លោក ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ «អាចនឹងកើតឡើង» ដែលការលើកឡើងនេះ ធ្វើឡើងនៅមួយថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា «អ៊ីរ៉ង់ចង់បានដំណោះស្រាយមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

អនុប្រធានាធិបតី លោក ជេ ឌី វ៉ាន់ស៍ (JD Vance) ក៏បានលើកឡើងដាច់ដោយឡែកដែរថា ទាំងរូបលោក និងលោក ត្រាំ មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយ។

លោក វ៉ាន់ស៍ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងពិតជាសម្រេចបានវឌ្ឍនភាពខ្លះហើយ។ យើងនឹងរង់ចាំមើលថា តើយើងអាចសម្រេចបានបន្ថែមទៀតដែរឬទេ។»

បើតាម CNA, សញ្ញាថ្មីនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ កើតឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារ ដែលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងព្យាយាមរក្សាការគ្រប់គ្រងលើសភា ទោះបីជាមានការមិនពេញចិត្តពីសំណាក់អ្នកបោះឆ្នោតចំពោះសង្គ្រាម និងតម្លៃប្រេងឥន្ធនៈដែលឡើងថ្លៃក៏ដោយ។

គណបក្សប្រជាធិបតេយ្យរំពឹងថា នឹងអាចដណ្តើមបានការគ្រប់គ្រងសភា យ៉ាងហោចណាស់មួយផ្នែក និងដាក់កម្រិតនយោបាយលើលោក ត្រាំ ជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាកជី (Abbas Araghchi) បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន កំពុងប្រព្រឹត្តទៅតាមរយៈភាគីសម្របសម្រួល។

លោក អារ៉ាកជី បានថ្លែងនៅក្នុងបទសម្ភាសន៍តាមវីដេអូជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា «ដោយពិចារណាលើភាពរសើប និងភាពធ្ងន់ធ្ងរនៃស្ថានភាពបច្ចុប្បន្ន ការពិគ្រោះយោបល់ និងការពិភាក្សាគឺកំពុងប្រព្រឹត្តទៅយ៉ាងសកម្មបំផុត»។

លោកបានបន្ថែមថា​ «ប្រទេសកាតា និងប៉ាគីស្ថាន កំពុងដើរតួនាទីយ៉ាងសកម្ម ប៉ុន្តែ ពីមុននោះ លោក ត្រាំ បានបន្តគំរាមកំហែងដល់ប្រទេសអ៊ីរ៉ង់ ដោយបានថ្លែងនៅក្នុងវេទិកាឃោសនានយោបាយមួយថា នៅពេលណាមួយនោះ យើងនឹងត្រូវចាត់វិធានការដ៏តឹងរ៉ឹងបំផុតប្រឆាំងនឹងពួកគេ»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា