ក្រសួងសុខាភិបាល ជំរុញការពង្រឹងសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាល ជំរុញការពង្រឹងសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV

ក្រសួងសុខាភិបាល ជំរុញការពង្រឹងសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV

អាជ្ញាធរសុខាភិបាលបន្តពង្រឹងការអនុវត្តសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV កាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្ត័សិទ្ធិភាព និងសមធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីកម្ពុជា ជាពិសេសស្ត្រីនៅតំបន់ជនបទ។
 
ក្រសួងសុខាភិបាលជំរុញការអនុវត្តសេវាបង្ការ ពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្តវីរុស HPV ឱ្យមានប្រសិទ្ធភាព និងសមធម៌នៅទូទាំងប្រទេស។ ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្ត HPV ព្រមទាំងសៀវភៅមគ្គុទ្ទេសក៍ពាក់ព័ន្ធ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ បុគ្គលិកសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំ និងអភិវឌ្ឍឯកសារបច្ចេកទេសទាំងនេះ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តសេវាបង្ការ ពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ប្រកបដោយស្តង់ដារ សុវត្ថិភាព និងគុណភាព។
 
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ហានិភ័យនៃជំងឺនេះអាចត្រូវបានកាត់បន្ថយ ហើយការវិវត្តទៅជាមហារីកអាចត្រូវបានបង្ការតាមរយៈការចាក់វ៉ាក់សាំងបង្ការវីរុស HPV ការពិនិត្យរកជំងឺទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការផ្តល់ការព្យាបាលសមស្រប។
 
ក្នុងន័យនេះ ការពង្រឹងសេវាពិនិត្យរកជំងឺមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ត HPV គឺជាជំហានដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្ការ និងការរកឃើញជំងឺនៅដំណាក់កាលដំបូង។ ជាពិសេស ការរៀបចំប្រព័ន្ធសេវាឱ្យមានភាពងាយស្រួលក្នុងការទទួលបាន ការធានាគុណភាពនៃការធ្វើតេស្ត និងការតាមដានអ្នកជំងឺជាបន្តបន្ទាប់ គឺជាកត្តាចាំបាច់ ដើម្បីធានាថាស្ត្រីគ្រប់រូប ជាពិសេសស្ត្រីនៅតំបន់ជនបទ និងសហគមន៍ ទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌។
 
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងបន្ថែមថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ និងសៀវភៅមគ្គុទ្ទេសក៍ទាំងនេះ មានសារៈសំខាន់ក្នុងការកំណត់ស្តង់ដារបច្ចេកទេស និងនីតិវិធីអនុវត្តឱ្យបានច្បាស់លាស់ ស្របតាមគោលការណ៍ណែនាំផ្នែកគ្លីនិកដែលបានអនុម័ត និងសមស្របទៅនឹងបរិបទនៃប្រព័ន្ធសុខាភិបាលកម្ពុជា។
 
សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ពង្រឹងការយល់ដឹងរួម ការសម្របសម្រួល និងការឯកភាពគ្នាលើការអនុវត្តសេវាពិនិត្យ និងបង្ការជំងឺមហារីកមាត់ស្បូនដោយផ្អែកលើការធ្វើតេស្ត HPV នៅទូទាំងប្រទេស។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ការអនុវត្តសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្ត HPV នឹងកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមធម៌ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពស្ត្រីកម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា