សារមន្ទីរតេជោសន្តិភាពនឹងក្លាយជាមជ្ឈមណ្ឌលសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីសន្តិភាពនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរតេជោសន្តិភាពនឹងក្លាយជាមជ្ឈមណ្ឌលសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីសន្តិភាពនៅកម្ពុជា

សារមន្ទីរតេជោសន្តិភាពនឹងក្លាយជាមជ្ឈមណ្ឌលសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីសន្តិភាពនៅកម្ពុជា

​សារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប បានបញ្ចប់ការសាងសង់ហើយ គ្រោងនឹងសម្ពោធជាផ្លូវការនៅខែធ្នូខាងមុខ។ ចំណុចលេចធ្លោមួយនៃសារមន្ទីរនេះ គឺអគារមួយដែលមានរាងជាគ្រាប់មីន សាងសង់ក្រោមជំនួយឥតសំណងប្រមាណ១៨លានដុល្លាអាមេរិករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ អគារនេះនឹងក្លាយជាមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវអំពីដំណើរការស្វែងរកសន្តិភាពយ៉ាងលំបាកនៅកម្ពុជា។
 
អគារសន្តិភាព នៃសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប ដែលសាងសង់ក្រោមជំនួយឥតសំណងប្រមាណ ១៨លានដុល្លារអាមេរិក របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សិក្សាស្វែងយល់បន្ថែមអំពីប្រវត្តិនៃសង្គ្រាម ការតស៊ូស្វែងរកសន្តិភាព និងដំណើរការកសាងសន្តិភាពដ៏លំបាកនៅកម្ពុជា។ អគារនេះក៏នឹងបង្ហាញពីចំណងមិត្តភាព និងការគាំទ្ររបស់ប្រទេសជប៉ុនចំពោះកម្ពុជាក្នុងការកសាង និងថែរក្សាសន្តិភាពផងដែរ។
 
នេះបើតាមការឱ្យដឹងរបស់លោក អ៊ុង រស្មី មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងធ្វើបទបង្ហាញជូនក្រុមអ្នកសារព័ត៌មាន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព ឬសារមន្ទីរមីន ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
លោកបានឱ្យដឹងបន្ថែមថា អគារនេះនឹងចូលរួមផ្សព្វផ្សាយដល់សាធារណជនអំពីប្រវត្តិសង្គ្រាម ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងអតីតកាល ព្រមទាំងដំណើរការស្វែងរក និងសម្រេចបាននូវសន្តិភាព ដែលបានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាពដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ អគារនេះក៏នឹងបម្រើជាកន្លែងសិក្សា និងស្វែងយល់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
 
បើតាមលោក អ៊ុង រស្មី សារមន្ទីរតេជោសន្តិភាពគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅអំឡុងខែធ្នូ ចុងឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
 
ដោយឡែក លោក យ៉ាកូ យ៉ូស៊ីតុ (Yako Yoshito) តំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានប្រឈមមុខនឹងបញ្ហាមីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងដំណើរការដោះស្រាយបញ្ហានេះ កម្ពុជាបានប្រមូលផ្តុំបទពិសោធន៍ និងចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងសកម្មភាពដោះមីន។
 
លោកបានបញ្ជាក់ថា បច្ចុប្បន្ន បទពិសោធន៍ និងបច្ចេកទេសទាំងនេះត្រូវបានយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសដទៃទៀតផងដែរ។ ​
 
សូមបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញវត្ថុប្រវត្តិសាស្ត្រ សារមន្ទីរតេជោសន្តិភាពនឹងផ្តោតលើការអប់រំ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយចំណេះដឹងអំពីសកម្មភាពមីន និងការកសាងសន្តិភាព៕
 
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា