ក្រសួងកសិកម្មកំពុងរៀបចំការងារបំពាក់ប្រព័ន្ធតាមដានសត្វផ្សោតទន្លេមេគង្គ ដើម្បីពង្រឹងការអភិរក្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្មកំពុងរៀបចំការងារបំពាក់ប្រព័ន្ធតាមដានសត្វផ្សោតទន្លេមេគង្គ ដើម្បីពង្រឹងការអភិរក្ស

ក្រសួងកសិកម្មកំពុងរៀបចំការងារបំពាក់ប្រព័ន្ធតាមដានសត្វផ្សោតទន្លេមេគង្គ ដើម្បីពង្រឹងការអភិរក្ស

ក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពិនិត្យសម្ភារៈបរិក្ខារសម្រាប់បំពាក់នៅមជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមានទីតាំងនៅទីស្នាក់ការប៉ុស្តិ៍ឆ្មាំអភិរក្សសត្វផ្សោតអន្លង់កាំពី ខេត្តក្រចេះ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានណែនាំឱ្យក្រុមការងារពន្លឿនការដំឡើងកាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដោយយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាពបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងតាមដានការអភិរក្សសត្វផ្សោត មុនដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦។

ក្រសួងកសិកម្មបានឱ្យដឹងថា នៅពេលដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធនេះនឹងជួយតាមដានសកម្មភាពក្នុងតំបន់អភិរក្ស តាមរយៈការបញ្ជូនរូបភាព និងព័ត៌មានមកកាន់បញ្ជាការដ្ឋាន ដើម្បីគាំទ្រដល់ការងាររបស់កម្លាំងឆ្មាំទន្លេ ដែលជាកម្លាំងជួរមុខក្នុងការការពារសត្វផ្សោត។ ព័ត៌មានទាំងនេះនឹងជួយឱ្យការកំណត់ទីតាំងហានិភ័យ ការរៀបចំផែនការល្បាត និងការឆ្លើយតបចំពោះបទល្មើសនេសាទ កាន់តែមានភាពរហ័ស ចំគោលដៅ និងសន្សំសំចៃធនធាន។

សូមបញ្ជាក់ថា គម្រោងនេះទទួលបានការគាំទ្រពីអង្គការ WWF និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើទំនើបកម្មការងារអភិរក្សជលផល ពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឱ្យបានគង់វង្សយូរអង្វែង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា