សម្តេចធិបតី៖ សន្ធិសញ្ញា និងផែនទីដែលបន្សល់ទុកដោយបារាំង ជាអាវក្រោះការពារទឹកដីកម្ពុជាតាមផ្លូវច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ សន្ធិសញ្ញា និងផែនទីដែលបន្សល់ទុកដោយបារាំង ជាអាវក្រោះការពារទឹកដីកម្ពុជាតាមផ្លូវច្បាប់

សម្តេចធិបតី៖ សន្ធិសញ្ញា និងផែនទីដែលបន្សល់ទុកដោយបារាំង ជាអាវក្រោះការពារទឹកដីកម្ពុជាតាមផ្លូវច្បាប់


សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំង គឺជាអាវក្រោះការពារតាមផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតសម្រាប់ការការពារទឹកដី អធិបតេយ្យភាព និងខ្សែបន្ទាត់ព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
 
សម្តេចធិបតីបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍អបអរសាទរខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្តេចបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំងក្នុងការធ្វើមាតុភូមិនិវត្តន៍ឯកសារ និងការស្កេនបម្លែងបណ្ណសារទៅជាទម្រង់ឌីជីថល មិនត្រឹមតែជាការតភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏សំខាន់ក្នុងការការពារអធិបតេយ្យភាពជាតិ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិបានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ កន្លែងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការនេះ គឺជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សាស្រាវជ្រាវ ការកំណត់ជំហរផ្លូវច្បាប់ និងការការពារផលប្រយោជន៍ជាតិ។
 
សម្តេចធិបតីបានលើកឧទាហរណ៍ជាក់ស្តែងក្នុងករណីប្រាសាទព្រះវិហារ ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។ ដូច្នេះ ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដ៏មានតម្លៃ ដែលអាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិប្រកបដោយចីរភាព។
 
សម្តេចធិបតីបានលើកឡើងថា ធនាគារជាតិរក្សាមាស ប៉ុន្តែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ រក្សាកេរមរតកឯកសារដែលមានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ៕ សេង បារាំង AMS


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា