UN សរសើរកម្ពុជា លើកិច្ចការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN សរសើរកម្ពុជា លើកិច្ចការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

UN សរសើរកម្ពុជា លើកិច្ចការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរប្រទេសកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើផាសុកភាពប្រជាពលរដ្ឋ។

ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ។

លោកស្រីតំណាងពិសេសក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។

លោកស្រី Najat Maalla M’jid បានគូសបញ្ជាក់ទៀតថា ការចាត់ទុកមនុស្សជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាមានសារសំខាន់បំផុត ហើយដើម្បីឱ្យកិច្ចការនេះសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើការរៀបចំរបៀបវារៈគោលនយោបាយ ដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប សម្តេចធិបតីបានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើហិង្សា និងការការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ជាដើម។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដើម្បីគាំពារសុខភាពមាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ផងដែរ។

ជាមួយគ្នានេះ, សម្តេចធិបតី បានលើកឡើងពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាស្នូល ដោយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការពង្រីកសមត្ថភាពចំណេះដឹង ជំនាញ និងការបង្កើតការងារជូនប្រជាពលរដ្ឋ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា