អាជ្ញាធរជាតិអប្សរា និងកូរ៉េ បណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ និងថែរក្សាបេតិកភណ្ឌអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា និងកូរ៉េ បណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ និងថែរក្សាបេតិកភណ្ឌអង្គរ

អាជ្ញាធរជាតិអប្សរា និងកូរ៉េ បណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ និងថែរក្សាបេតិកភណ្ឌអង្គរ

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ បានរួមគ្នារៀបចំកម្មវិធីទស្សនកិច្ចសិក្សាមួយសម្រាប់សិស្សានុសិស្សក្នុងខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹង បណ្តុះស្មារតីស្រឡាញ់ និងចូលរួមអភិរក្សតម្លៃនៃបេតិកភណ្ឌវប្បធម៌អង្គរដល់មនុស្សជំនាន់ក្រោយ។
 
«កម្មវិធីទស្សនកិច្ចសិក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦» កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការចូលរួមពីអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីអនុវិទ្យាល័យក្របីរៀល និងអនុវិទ្យាល័យហ៊ុនសែនប្រាសាទបាគង។
 
លោកស្រី អ៊ុ ម៉ារ៉ាឌី តំណាងឱ្យលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ​បានលើកឡើងថា ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរដ្ឋាភិបាលកូរ៉េ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹង និងបណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ដល់យុវជន ដែលជាអ្នកបន្តវេនក្នុងការយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌអង្គរ និងកិច្ចការអភិរក្ស។
 
ក្នុងឱកាសនោះដែរ ឯកឧត្តម Kim Sung Tae អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ​បានគូសបញ្ជាក់ថា អង្គរវត្តជាមោទនភាពរបស់កម្ពុជា និងជាបេតិកភណ្ឌរបស់មនុស្សជាតិដែលពិភពលោកត្រូវចូលរួមថែរក្សា។ ប្រទេសកូរ៉េបានផ្តល់តម្លៃយ៉ាងខ្ពស់លើប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ ហើយបានចូលរួមក្នុងគម្រោងជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ ដើម្បីចែករំលែកបច្ចេកវិទ្យា និងបង្កើតជាកម្លាំងសាមគ្គីក្នុងការបន្សល់ទុកបេតិកភណ្ឌដ៏មានតម្លៃនេះដល់កូនចៅជំនាន់ក្រោយ។
 
ជាមួយគ្នានេះ លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ មក ស្ថាប័នរបស់លោកបានសហការជាមួយអាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងអភិរក្ស និងជួសជុល «បាកាណ» ដែលជាកំពូលខ្ពស់បំផុតនៃប្រាសាទអង្គរវត្ត។ លោកបានសង្កត់ធ្ងន់ថា ការថែរក្សាបេតិកភណ្ឌវប្បធម៌មិនមែនជាភារកិច្ចតែលើអ្នកជំនាញនោះទេ ប៉ុន្តែវាត្រូវផ្តើមចេញពីទឹកចិត្តស្រឡាញ់ និងការផ្ទេរស្មារតីនេះទៅកាន់មនុស្សជំនាន់ក្រោយ៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា