ជំនួបពិសាតែរវាងកម្ពុជា-ចិននិងថៃ ជាការផ្លាស់ប្ដូរទស្សនៈជំរុញកិច្ចសហប្រតិបត្តិការ និងស្ដារទំនាក់ទំនងកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនួបពិសាតែរវាងកម្ពុជា-ចិននិងថៃ ជាការផ្លាស់ប្ដូរទស្សនៈជំរុញកិច្ចសហប្រតិបត្តិការ និងស្ដារទំនាក់ទំនងកម្ពុជា-ថៃ

ជំនួបពិសាតែរវាងកម្ពុជា-ចិននិងថៃ ជាការផ្លាស់ប្ដូរទស្សនៈជំរុញកិច្ចសហប្រតិបត្តិការ និងស្ដារទំនាក់ទំនងកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេសចិន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ បានជួបសន្ទនានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការការពារស្ថិរភាពក្នុងតំបន់ ព្រមទាំងការជំរុញវិធានការកសាងទំនុកចិត្ត និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងថៃ។

ជំនួបពិសាតែរវាងរដ្ឋមន្រ្តីការបរទេសទាំងបីនេះបានធ្វើកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឫក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១នឹងកិច្ចប្រជុំពាក់ព័ន្ធ នារដ្ឋធានីប៉េកាំងប្រទេសចិនថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញផ្សាយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ដឹកនាំដោយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលប្រព្រឹត្តទៅក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់មេគង្គ-ឡានឆាង ២.០»។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ដោយឈរលើគោលការណ៍នៃការគោរពគ្នា ទៅវិញទៅមក ផលប្រយោជន៍ ទៅវិញទៅមក ការជឿទុកចិត្តទៅវិញទៅមក និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ប៉ុន្តែដើម្បីឈានទៅការកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានភាពធន់ជាងមុន ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងផ្តោតលើលទ្ធផលជាក់ស្តែង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានកំណត់នូវអាទិភាពគន្លឹះ ​៥ចំណុច។

ចំណុចទី១៖ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ការរក្សាសន្តិភាព និងស្ថិរភាព។ ទី២៖ ពន្លឿនសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងនវានុវត្តន៍។ ទី៣៖ ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួល អាកាសធាតុ។ ទី៤៖ ពង្រឹងការឆ្លើយតបរួមគ្នាទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងសន្តិសុខថ្មីៗ និងទី៥៖ ផ្តល់អាទិភាពទៅលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅប្រទេសចិន​ ក្រៅពីជំនួបសំណេះសំណាលត្រីភាគីរវាងកម្ពុជា ចិន និងថៃ ហើយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជំនួបក្រៅផ្លូវការជាមួយលោក ឡេ ហ័យជុង រដ្ឋមន្រ្តីការបរទេសវៀតណាម ផងដែរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា