កម្ពុជា -ចិន ប្តេជ្ញាបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់កុំឱ្យកើតមានឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា -ចិន ប្តេជ្ញាបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់កុំឱ្យកើតមានឡើងវិញ

កម្ពុជា -ចិន ប្តេជ្ញាបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់កុំឱ្យកើតមានឡើងវិញ

ប្រទេសកម្ពុជា និងចិន បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់កុំឱ្យបទល្មើសទាំងនេះកើតមានឡើងវិញ។
ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១។

ជុំវិញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ចិន ឯកឧត្តម វ៉ាង វិនពីង (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញព័ត៌មាននេះនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកម្ពុជាដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមពីខាងក្រៅ និងជំរុញដំណើរការទំនើបកម្មរបស់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម វ៉ាង យី មានប្រសាសន៍ថា ចិន និងកម្ពុជា គួរតែត្រៀមរៀបចំឱ្យបានហ្មត់ចត់សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៅដំណាក់កាលខាងមុខ ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី-ស្រូវ» ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរត្រូវបន្តបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមទូរគមនាគមន៍ និងតាមប្រព័ន្ធអនឡាញ ដើម្បីធានាថាបទល្មើសទាំងនេះនឹងមិនវិលត្រឡប់មកកើតមានឡើងវិញឡើយ ព្រមទាំងពង្រឹងការសម្របសម្រួលគ្នាលើវេទិកាពហុភាគី។

លើសពីនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តកុងសង់ស៊ីសជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងលទ្ធផលជាក់ស្តែង ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

គប្បីជម្រាបជូនថា ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១បានប្រព្រឹត្ត​ទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់មេគង្គ-ឡានឆាង ២.០» ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា