អភិបាលរាជធានីភ្នំពេញដាក់ផែនការស្តារប្រឡាយបឹងសាឡាង និងទួលសំពៅ ដើម្បីរំដោះការលិចលង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលរាជធានីភ្នំពេញដាក់ផែនការស្តារប្រឡាយបឹងសាឡាង និងទួលសំពៅ ដើម្បីរំដោះការលិចលង់

អភិបាលរាជធានីភ្នំពេញដាក់ផែនការស្តារប្រឡាយបឹងសាឡាង និងទួលសំពៅ ដើម្បីរំដោះការលិចលង់

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យប្រឡាយ លូ និងស្ថានីយបូមទឹក ដើម្បីស្វែងរកដំណោះស្រាយរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងខណ្ឌទួលគោក និងតំបន់មុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងពេលចុះពិនិត្យប្រឡាយ និងស្ថានីយបូមទឹកបឹងសាឡាង ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាង និងសិក្សាគម្រោងបុកស៊ីផាយប្រឡាយនេះ ព្រមទាំងស្ថាបនាផ្លូវអមសងខាងប្រឡាយប្រវែង ១គីឡូម៉ែត្រម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ គម្រោងនេះត្រូវបានចាត់ទុកជាគម្រោងអនុវត្តរយៈពេលវែង។

បន្ទាប់ពីពិនិត្យប្រឡាយ និងស្ថានីយបូមទឹកបឹងសាឡាង ឯកឧត្តម ឃួង ស្រេង បានបន្តចុះពិនិត្យប្រឡាយ និងស្ថានីយបូមទឹកទួលសំពៅ តាមមហាវិថីឈ្នះ ឈ្នះ ដោយបានណែនាំឱ្យមន្ត្រីជំនាញពង្រីកស្ថានីយបូមទឹកទួលសំពៅឱ្យមានសមត្ថភាពធំជាងមុន ដើម្បីរំដោះទឹកនៅភាគខាងជើងរាជធានី។ ជាមួយគ្នានេះ ក៏ត្រូវស្តារប្រឡាយទួលសំពៅដែលមានប្រវែងប្រមាណ ៩គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។

ម្យ៉ាងទៀត ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យស្ថាប័នជំនាញសិក្សាគម្រោងអាទិភាព ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ធរុស្ស៊ី ជាពិសេសនៅតំបន់មុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ។ ដំណោះស្រាយដែលត្រូវសិក្សារួមមាន ការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និងការសាងសង់ស្ថានីយបូមទឹក​ ដើម្បីបង្កើនសមត្ថភាពរំដោះទឹកនៅតំបន់នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរសង្កាត់ និងខណ្ឌ ចុះអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះសំរាមចូលលូ ឬប្រឡាយ ព្រោះអាចបង្កការកកស្ទះលូ និងប្រឡាយ ដែលជាមូលហេតុមួយនាំឱ្យកើតមានការលិចលង់នៅពេលមានជំនន់ទឹកភ្លៀង៕

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា