ជើងហោះហើរត្រង់ពីប្រទេសឆែក មកកាន់ខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជើងហោះហើរត្រង់ពីប្រទេសឆែក មកកាន់ខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ

ជើងហោះហើរត្រង់ពីប្រទេសឆែក មកកាន់ខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ

ប្រទេសឆែក នឹងបើកជើងហោះហើរត្រង់តាមរដូវកាល ពីទីក្រុងប្រាហ្គ ប្រទេសឆែក មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាលើកដំបូងចាប់ពីខែធ្នូ ឆ្នាំ២០២៦ ដល់ខែមេសា ឆ្នាំ២០២៧ ខាងមុខ។​
ជើងហោះហើរត្រង់រវាងទាំង២នឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៦រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧។នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងប្រាហ្គ ប្រទេសឆែក។

ជើងហោះហើរនេះរៀបចំឡើងដោយក្រុមហ៊ុនDERTOUR Group ភ្ជាប់ជាមួយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអឺរ៉ុប មកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។

ក្នុងវេទិកាផ្សព្វផ្សាយទេសចរណ៍នៅឯប្រទេសឆែក ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើបទបង្ហាញលម្អិតអំពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ តំណាងរីសតជាច្រើននៅលើកោះរ៉ុង ក៏បានចូលរួមណែនាំខ្លួនអំពីសេវាកម្ម កន្លែងស្នាក់នៅបែបប្រណិត និងបទពិសោធន៍ទេសចរណ៍ប្លែកៗ ដល់ទីភ្នាក់ងារទេសចរណ៍ និងអ្នកចូលរួមក្នុងវេទិកាផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ នឹងត្រៀមចាំស្វាគមន៍ទទួលភ្ញៀវទេសចរពីសាធារណរដ្ឋឆែកចំនួន៦ពាន់នាក់ ចាប់ពីដើមខែធ្នូ រហូតដល់ខែមេសា ឆ្នាំ២០២៧ខាងមុខ។ 

សូមជម្រាបថា ខេត្តព្រះសីហនុ ​មានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ឆ្នេរ និងកោះដែលមានសក្តានុពុលក្នុងខេត្តព្រះសីហនុ រួមមាន ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរត្រេះ កោះរ៉ុង  កោះរ៉ុងសន្លឹម កោះក្របី កោះឫស្សី និងកោះអូនកោះបង។

រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើតំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ទីក្រុងពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងតំបន់កោះ និងឆ្នេរសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូផ្សេងទៀតទៅកាន់បណ្តា​ប្រទេសក្នុងតំបន់អឺរ៉ុប កម្ពុជាក៏បាន​សម្រេចលទ្ធផល រៀបចំ​កញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរត្រង់ពិសេស (Charter Flight) ពីប្រទេសប៉ូឡូញមកកាន់ខេត្តព្រះសីហនុ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ឆ្នាំក្រោយខាងមុខនេះដែរ។​   

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូលសរុបជាង ៤លាន៥សែននាក់ ។ចំនួននេះថមថយ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាប្រឈមមួយចំនួនដូចជា ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ,ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ប៉ុន្តែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ មានការកើនឡើង ដោយសារកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងស្តុកទំនិញកាន់តែប្រសើរ ស្របពេលតម្រូវការនាំចេញ និងនាំចូលទំនិញកើនឡើង។ កត្តានេះក៏មានការគាំទ្រពីគោលនយោបាយបើកចំហដែនអាកាសរបស់រាជរដ្ឋាភិបាល និងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយសហរដ្ឋអាម៉េរិកផងដែរ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា