កម្ពុជា នឹងចាប់ផ្ដើមតម្លើងស្ថានីយតាមដានសកម្មភាពរញ្ជួយដី នៅឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងចាប់ផ្ដើមតម្លើងស្ថានីយតាមដានសកម្មភាពរញ្ជួយដី នៅឆ្នាំក្រោយ

កម្ពុជា នឹងចាប់ផ្ដើមតម្លើងស្ថានីយតាមដានសកម្មភាពរញ្ជួយដី នៅឆ្នាំក្រោយ

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ទីភ្នាក់ងាររញ្ជួយដី ខេត្តក្វាងទុង (Guangdong Earthquake Agency) របស់ប្រទេសចិន ដើម្បីបង្កើតបណ្តាញតាមដាន និងត្រួតពិនិត្យសកម្មភាពរញ្ជួយដីនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងអំឡុងពេលលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានចូលរួមសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ឆ្នាំ២០២៦ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើការគ្រប់គ្រងគ្រាអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសចិន។

បើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ជាជំហ៊ានដំបូង ពោលនៅក្នុងឆ្នាំ២០២៧ កម្ពុជា នឹងតម្លើងចំនួន ៥ទីតាំង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តរតនគីរី។ ខណៈជំហ៊ានបន្ទាប់ កម្ពុជា នឹងខិតខំបន្តតម្លើងស្ថានីយតាមដានការរញ្ជួយដីបន្ថែមទៀតនៅតាមបណ្តាខេត្តមួយចំនួន និងឈានទៅការតម្លើងប្រព័ន្ធប្រកាសអាសន្ន ដើម្បីកាត់បន្ថយហានិភ័យ។

លោក អ៊ឹង ឌីប៉ូឡា បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាដ្បិតកម្ពុជា ស្ថិតនៅក្នុងតំបន់ដែលមានលក្ខណៈភូមិសាស្ត្ររឹងមាំគួរសម និងមានសកម្មភាពរញ្ជួយដីកម្រិតទាប ប៉ុន្តែសកម្មភាពរញ្ជួយដីកម្រិតទាបមិនមែនមានន័យថាគ្មានហានិភ័យឡើយ។ ជាក់ស្ដែង ការរញ្ជួយដីដែលកើតឡើងនៅក្នុងប្រទេសជិតខាង នៅតែអាចជះឥទ្ធិពលមកលើប្រទេសកម្ពុជា ជាពិសេសគឺប៉ះពាល់ដល់អគារខ្ពស់ៗ ស្ពាន ទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្សេងទៀត។

លោកអះអាងថា ក្នុងពេលដែលកម្ពុជា បន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគធំៗលើការអភិវឌ្ឍទីក្រុង តំបន់ឧស្សាហកម្ម ផ្លូវល្បឿនលឿន ស្ពាន ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគម្រោងវារីអគ្គិសនីនោះ ការធានាឱ្យបាននូវសុវត្ថិភាព និងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ បានក្លាយជារឿងដែលមានសារៈសំខាន់កាន់តែខ្លាំងឡើង។ សម្រាប់​កម្ពុជា បច្ចេកវិទ្យាទាំងនេះផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកទេស តាមរយៈការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា