អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិមានជំនឿចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិមានជំនឿចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិមានជំនឿចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី ១៥ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០ នៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ដោយមានព្រឹត្តិការណ៍អមជាច្រើនទៀត។ នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយជាប្រវត្តិសាស្ត្រដែលកើតឡើងនៅលើទឹកដីកម្ពុជា។ រហូតមកទល់ថ្ងៃនេះ មានគណៈប្រតិភូចំនួនជិត៨០ហើយដែលបានបញ្ជាក់ពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេស។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា វត្តមាននៃបណ្តាគណៈប្រតិភូអន្តរជាតិ រួមទាំង ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មានអត្ថន័យច្រើនយ៉ាងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាង វាបានបង្ហាញពីជោគជ័យធំធេងនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិក្រោមអភិក្រម«ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី»ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀត វាបានបង្ហាញពីជំនឿចិត្តរបស់សហគមន៍អន្តរជាតិមកលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំទទួលព្រឹត្តិការណ៍អន្តរជាតិធំៗបានយ៉ាងល្អប្រកបដោយសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់។ កម្ពុជាតូចមែនតែមានសមត្ថភាពខ្ពស់ អាចឈរស្មើមុខមាត់ជាមួយប្រទេសដទៃ និងអាចរៀបចំរាល់ព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗដូចប្រទេសធំៗដែរ។
 
ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា តាមរយៈព្រឹត្តិការណ៍នេះ ពិភពលោកក៏កាន់តែស្គាល់ច្បាស់ពីកម្ពុជា ដែលជាទឹកដី សម្បូរដោយសម្បត្តិវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសមានប្រជាជនដែលមានស្នាមញញឹម រួសរាយរាក់ទាក់គួរជាទីកក់ក្តៅក្រៃលែង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយក្រោមទស្សនៈវិជ្ជានយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តដាក់ចេញនូវគោលនយោបាយការបរទេសដ៏ត្រមឹត្រូវ ក៏ដូចជាការថែរក្សាសន្តិភាពបានយ៉ាងល្អរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ នេះមិនមែនជាលើកទី១ទេដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាព និងរង់ចាំទទួលស្វាគមន៍ដោយក្តីអំណរសាទរបំផុតចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដ៏ធំមួយនេះនៅលើទឹកដីរបស់ខ្លួន៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា