កម្ពុជាសោកស្តាយ និងមិនពេញចិត្តចំពោះចំណាត់ថ្នាក់ជួញដូរមនុស្សឆ្នាំ២០២៦ របស់អាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសោកស្តាយ និងមិនពេញចិត្តចំពោះចំណាត់ថ្នាក់ជួញដូរមនុស្សឆ្នាំ២០២៦ របស់អាម៉េរិក

កម្ពុជាសោកស្តាយ និងមិនពេញចិត្តចំពោះចំណាត់ថ្នាក់ជួញដូរមនុស្សឆ្នាំ២០២៦ របស់អាម៉េរិក

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការសោកស្តាយចំពោះរបាយការណ៍ចុងក្រោយរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលមិនឆ្លុះបញ្ចាំងការពិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៦ របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ គណៈកម្មាធិការជាតិបានសម្តែងការសោកស្តាយ ដែលកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់ទាបជាងគេនៃរបាយការណ៍ជួញដូរមនុស្ស។ សម្រាប់កម្ពុជា របាយការណ៍អាមេរិកមិននេះបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការមិនពេញចិត្តលើលទ្ធផលនៃការវាយតម្លៃដែលមិនឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងកន្លងមក។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាតិ និងពិធីសារប៉ាឡឺម៉ូ ក្នុងការស្វែងរកបទល្មើស កំណត់អត្តសញ្ញាណជនរងគ្រោះ និងផ្តន្ទាទោសជនសង្ស័យ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍មិនដាក់ទោសទណ្ឌលើជនដែលត្រូវគេបង្ខំឱ្យប្រព្រឹត្តបទល្មើស។

ចាប់តាំងពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការប្រតិបត្តិការបង្ក្រាបយ៉ាងសកម្ម តាមរយៈការបើកទូលាយប្រព័ន្ធទទួលបណ្តឹង និង Hotlines នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋានរាជធានី-ខេត្ត ដើម្បីឱ្យប្រតិបត្តិការដំណើរការបានរលូន និងទាន់ពេលវេលា។

ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber-scams) ដែលមានទំនាក់ទំនងជាមួយអំពើជួញដូរមនុស្ស កម្ពុជាបានចាត់វិធានការបោសសម្អាតយ៉ាងសកម្ម ដែលដឹកនាំផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល។ ប្រតិបត្តិការធំៗបានឈានទៅដល់ការបិទទីតាំងឆបោករាប់រយកន្លែង និងរំដោះមនុស្សរាប់ពាន់នាក់ ទាំងអ្នកត្រូវគេបង្ខំ និងអ្នកស្ម័គ្រចិត្ត ដែលមកពីច្រើនជាតិសាសន៍។ ជាមួយគ្នានេះ មេខ្លោង និងបក្សពួកឧក្រិដ្ឋជនឆ្លងដែន ទាំងជនជាតិខ្មែរ និងបរទេស ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ហើយនៅខែមេសា ឆ្នាំ២០២៦ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

ទន្ទឹមនឹងការបង្ក្រាប កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល ស្ថានតំណាងបរទេស និងអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់និងអន្តរជាតិ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្រួលឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព ដើម្បីឱ្យប្រទេសសាមីមានវិធានការលើប្រជាជនខ្លួន។

ទោះបីជាសម្រេចបានលទ្ធផលធំធេងយ៉ាងណាក្តី កម្ពុជាទទួលស្គាល់ថាបទល្មើសឆបោកតាមអ៊ីនធឺណិតជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ និងជាគ្រោះមហន្តរាយសាកលដែលគ្មានប្រទេសណាមួយអាចដោះស្រាយបានតែម្នាក់ឯងនោះឡើយ ដោយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នាយ៉ាងពិតប្រាកដពីបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា