កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ចេញពី​ប្រទេស ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ចេញពី​ប្រទេស ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ចេញពី​ប្រទេស ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

អាជ្ញាធរកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនជាតិ​ឥណ្ឌូនេស៊ីចំនួន ៤៥នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់​ពី​រកឃើញថា ពួកគេបានលួច ស្នាក់នៅ ធ្វើការងារខុស​ច្បាប់ និងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យា ឬ Online Scams។

កាលពីថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្តេញ​ជនជាតិឥណ្ឌូនេស៊ីចំនួន ៤៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ចេញពីប្រទេស តាមច្រកទ្វារអាកាសយាន​ដ្ឋាន​អន្តរជាតិតេជោ។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់​ពី​សមត្ថកិច្ច​រកឃើញថា ពួកគេបានស្នាក់នៅ និងធ្វើ​ការងារ​ខុសច្បាប់ ព្រមទាំងពាក់ព័ន្ធនឹងបទល្មើសឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។

សូមជម្រាបថា ប្រតិបត្តិការនេះ អនុវត្តដោយ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការ​ណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងតាមអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយ​មានកិច្ច​សហការ​យ៉ាងជិតស្និទ្ធជាមួយស្ថាន​ទូតឥណ្ឌូ​នេស៊ី​ប្រចាំនៅកម្ពុជា។

បើតាមប្រភព ការចាត់វិធានការក្តៅនេះ គឺជាការឆ្លុះ​បញ្ចាំងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាន​ប្រកាសជំហរច្បាស់លាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យ​ឧក្រិដ្ឋជន ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាទីតាំងឆបោក ឬបង្កអសន្តិសុខ​ឡើយ។ ក្រោមស្មារតីនេះ សមត្ថកិច្ច​កំពុងបន្តស្រាវជ្រាវតាមប្រមាញ់មេខ្លោង និងជួយ​សង្គ្រោះ​ជនរងគ្រោះ​ឱ្យបានត្រឡប់ទៅប្រទេស​កំណើត​​វិញដោយសុវត្ថិភាព។

គួររំលឹកថា នេះមិនមែនជាលើកទីមួយឡើយ ដែល​អាជ្ញាធរកម្ពុជាចាត់វិធានការតឹងរ៉ឹងបែបនេះ ដោយកាល​ពីខែតុលា ឆ្នាំ២០២៦ កន្លងទៅ សមត្ថកិច្ចក៏បានបណ្តេញ​ជនជាតិឥណ្ឌូនេស៊ីចំនួន ៤២៧នាក់ ដែលពាក់ព័ន្ធនឹង​បទល្មើសស្រដៀងគ្នានេះ ចេញពីកម្ពុជារួចមកហើយ​ដែរ៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា