សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចវគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចវគ្គដំបូង ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចឆ្នាំ២០២៦ នេះ ជាការអនុវត្តលើកដំបូង និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃបើកវគ្គបណ្ដុះបណ្ដាលយោធិនកាតព្វកិច្ចវគ្គដំបូង គឺព្រោះថា​​ ថ្ងៃនេះជាថ្ងៃ​ដែលកម្ពុជា​ទទួលបានឯករាជ្យពេញលេញ និងជា​ថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។

សម្ដេចធិបតីបន្តថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធន​មនុស្ស​ក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជន ដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យមានមនសិការ​ស្នេហាជាតិមាតុភុមិ, ចេះស្រឡាញ់​ និងការពារជាតិមាតុភូមិ, គោរពច្បាប់, មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។

សំដៅទៅលើរយៈពេល ២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ចនេះសម្ដេចធិបតី បានបញ្ជាក់ថា ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះការបំពេញកាតព្វកិច្ចយោធា គឺជាកិត្តិយស, មិនមែនជាបន្ទុក ហើយមិនត្រូវចាត់ទុកថាជាការ​ចំណាយ​នោះទេ ប៉ុន្តែជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងការប្រែក្លាយខ្លួនជាធនធានដ៏មានតម្លៃរបស់ជាតិ​។

ក្នុងឱកាសនេះដែរ សម្ដេចធិបតីបាន​ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់យោធិនកាតព្វកិច្ចថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់​នឹង​ចាប់ផ្តើមជីវិតថ្មីមួយ ដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់, ការអត់ធ្មត់ខ្ពស់, ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក, ភាពនឿយហត់ និងត្រូវផ្លាស់ប្តូររបៀបរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង។ សម្ដេចធិបតីប្រាប់ទៅសិក្ខាកាមថា ប្អូនៗត្រូវចងចាំថា មេរៀនជីវិតទាំងនេះនឹងកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មី​ប្រកប​ដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។ រាជរដ្ឋាភិបាលតែងតែផ្ដល់តម្លៃខ្ពស់ចំពោះយោធិនកាតព្វកិច្ច ទាំងក្នុងអំឡុងពេលហ្វឹកហ្វឺន និងពេលត្រឡប់ទៅរស់នៅក្នុងជីវភាពដើម​វិញ។

សម្ដេចធិបតី​នាយករដ្ឋមន្រ្តីក៏បានណែនាំដល់យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណ, គុណតម្លៃ, កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ,ពលរដ្ឋល្អ, បុគ្គលិកល្អ, មន្ត្រីរាជការល្អ និងកងទ័ពល្អ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូល​រួម​បម្រើជាតិមាតុភូមិ៕ ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា