និន្នាការវិជ្ជមាននៃការសិក្សារបស់កុមារជនជាតិដើមភាគតិចពូនង និងឧបសគ្គដែលសេសសល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និន្នាការវិជ្ជមាននៃការសិក្សារបស់កុមារជនជាតិដើមភាគតិចពូនង និងឧបសគ្គដែលសេសសល់

និន្នាការវិជ្ជមាននៃការសិក្សារបស់កុមារជនជាតិដើមភាគតិចពូនង និងឧបសគ្គដែលសេសសល់

ផ្នត់គំនិតចាស់ដែលធ្លាប់តែទុកកូនឱ្យជួយធ្វើចម្ការវិលជុំ ឬមើលថែផ្ទះសម្បែង ត្រូវបានលុបបំបាត់បណ្តើរៗហើយ ដោយបច្ចុប្បន្នពលរដ្ឋ ជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី បាននិងកំពុងសម្រុកបញ្ជូនកូនចៅឱ្យចូលសាលារៀនដើម្បីក្រេបជញ្ជក់ចំណេះដឹង។ ទោះជាយ៉ាងណា ទន្ទឹមនឹងសញ្ញាវិជ្ជមាននេះ កត្តាជីវភាព និងទីតាំងភូមិសាស្ត្រសាលារៀននៅឆ្ងាយ នៅតែជាឧបសគ្គរារាំងកុមារមួយចំនួន មិនឱ្យបន្តការសិក្សាខ្ពស់ជាងថ្នាក់បឋម។

លោក ហួន សុធារី នាយកសាលាបឋមសិក្សាស្រែអ៊ី ស្ថិតក្នុងឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានឱ្យដឹងថា បច្ចុប្បន្ន​និន្នាការនៃការចូលរៀនមានការប្រែប្រួលគួរឱ្យកត់សម្គាល់ បើធៀបនឹងសម័យមុន។ជាក់ស្តែង ក្នុងឆ្នាំ២០២៦នេះ សម្រាប់ថ្នាក់មត្តេយ្យ គឺកុមារបានចូលរៀនស្ទើរតែ ១០០ភាគរយ ខណៈកុមារអាយុពី ៦ ទៅ ១៤ឆ្នាំ ក៏មានអត្រាចូលរៀនខ្ពស់ជាងមុន ទោះបីជាមានមួយ​ចំនួន​តូចនៅបន្តជួយការងារស្រែចម្ការឪពុកម្តាយក៏ដោយ។

ទោះបីជាសន្ទុះនៃការបញ្ជូនកូនមកសាលាមានការកើនឡើង តែក្តីកង្វល់ថ្មីមួយទៀតបានកើតឡើង គឺការបោះបង់ការសិក្សា។ លោកនាយក​សាលាបានពន្យល់ថា៖ «នៅក្នុងសង្កាត់នេះ មានសាលារៀនត្រឹមថ្នាក់មត្តេយ្យ និងបឋមសិក្សាប៉ុណ្ណោះ។ នៅពេលកុមាររៀនចប់ថ្នាក់បឋម ពួកគេត្រូវធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ ឬអ្នកខ្លះត្រូវជួលកន្លែងស្នាក់នៅ។ដោយសារកត្តាជីវភាព និងចម្ងាយផ្លូវនេះហើយ ទើបធ្វើឱ្យសិស្សមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការសិក្សាកណ្តាលទី និងងាកមកជួយការងារចម្ការគ្រួសារវិញ»។

បន្ថែមពីលើកត្តាជីវភាព ឧបសគ្គផ្នែកភាសាក៏ជារឿងសំខាន់ផងដែរ ប៉ុន្តែត្រូវបានដោះស្រាយមួយកម្រិត។ អ្នកគ្រូ ភឿង ស្រីពៅ ដែលជាគ្រូ​បង្រៀននៅ​សាលាបឋមសិក្សាស្រែអ៊ី និងជាជនជាតិពូនងផ្ទាល់ បានបញ្ជាក់ថា សិស្សជនជាតិពូនងភាគច្រើនប្រើប្រាស់ភាសាកំណើត​របស់ខ្លួន។ ការដែលមានគ្រូបង្រៀនជាជនជាតិដូចគ្នា ជួយឱ្យការបកប្រែ និងការផ្ទេរចំណេះដឹងមានភាពងាយស្រួល។ អ្នកគ្រូកត់សម្គាល់ថា កុមារពូនងមានសមត្ថភាពចាប់យកចំណេះដឹងបានលឿនដូចសិស្សទូទៅដែរ គ្រាន់តែពួកគេមួយចំនួនមកសាលាមិនសូវបានជាប់លាប់។

ទោះជាមានឧបសគ្គយ៉ាងណា ក្តីសង្ឃឹមរបស់មាតាបិតានៅតែមុតមាំ។អ្នកស្រី ភៀង ខែលី ជាអាណាព្យាបាលសិស្សម្នាក់នៅភូមិស្រែអ៊ី បានបញ្ជាក់ថា អ្នកស្រីមិនចង់ឱ្យកូនៗមានវាសនាលំបាកដូចជំនាន់អ្នកស្រីឡើយ។ អ្នកស្រីរំពឹងថា ការបញ្ជូនកូនមក​សាលា នឹងជួយឱ្យពួក​គេ​មានចំណេះដឹងខ្ពង់ខ្ពស់ អាចស្វែងរកការងារល្អៗធ្វើនៅថ្ងៃអនាគត។

ភូមិស្រែអ៊ី ជាភូមិមួយដែលដាច់ស្រយាលជាងគេក្នុងចំណោមភូមិទាំង៤ នៃសង្កាត់រមនា ដែលមានប្រជាពលរដ្ឋរហូតដល់ ៩៩ភាគរយ ជាជនជាតិដើមភាគតិចពូនង។ លោក ហួន ណារិន ចៅសង្កាត់រងរមនា បានចាត់ទុកការផ្លាស់ប្តូរផ្នត់គំនិតរបស់ពលរដ្ឋក្នុងការ​ជំរុញកូនឱ្យ​ចូលរៀននេះ ថាជា «សញ្ញាវិជ្ជមានដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍»។

គួរជម្រាបថា សាលារៀនបឋមសិក្សាស្រែអ៊ី បានទទួលជំនួយឧបត្ថម្ភពីគម្រោងរេដ្ឋបូក ក្នុងនេះបានទទួល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នាក់រៀន និងសម្ភារៈសិក្សាមួយចំនួនថែមទៀត ដែលធ្វើឱ្យទាំងការសិក្សា និងការបង្រៀនប្រកបដោយភាពរលូនល្អ។លើសពីនេះបាន​ជំរុញ​ឱ្យសិស្សជនជាតិភាគតិចកាន់តែច្រើនទទួលការសិក្សា និងអាចពង្រឹងផ្នែកចំណេះដឹងរឹងមាំក្នុងសហគមន៍៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា