វិនិយោគិនក្នុងស្រុកបន្ថែមទុន ២លានដុល្លារ ពង្រីកផលិតកម្មកាហ្វេ​ ដើម្បីបំពេញតម្រូវការទីផ្សារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិនក្នុងស្រុកបន្ថែមទុន ២លានដុល្លារ ពង្រីកផលិតកម្មកាហ្វេ​ ដើម្បីបំពេញតម្រូវការទីផ្សារ

វិនិយោគិនក្នុងស្រុកបន្ថែមទុន ២លានដុល្លារ ពង្រីកផលិតកម្មកាហ្វេ​ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ដែលជាក្រុមហ៊ុនវិនិយោគកាហ្វេក្នុងស្រុក បានដាក់ឱ្យដំណើរការសាកល្បងនូវឡសម្ងួត និងម៉ាស៊ីនកិនសម្បកកាហ្វេខ្នាតធំ ដែលមានសមត្ថភាពសម្ងួតកាហ្វេ ២០តោន ក្នុងរយៈពេល ២៤ម៉ោង ។ឧបករណ៍ដែលដាក់ដំណើរការនេះ ដើម្បីពង្រឹងគុណភាពគ្រាប់កាហ្វេខ្មែរឱ្យត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ។

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) បានអធិប្បាយថា ការដាក់ឱ្យដំណើរការសាកល្បងនូវឡសម្ងួត និងម៉ាស៊ីនកិនសម្បកកាហ្វេខ្នាតធំនេះ គឺជាជំហានដ៏សំខាន់សម្រាប់វិស័យកែច្នៃកាហ្វេនៅកម្ពុជា ក្នុងគោលបំណងបង្កើនសមត្ថភាពប្រមូលទិញ និងកែច្នៃផលិតផលកាហ្វេពីកសិករខ្មែរឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា លើកស្ទួយតម្លៃកសិផលកាហ្វេកម្ពុជាឱ្យកាន់តែមានទីផ្សារទូលំទូលាយ។

បើតាមលោក ជិន ជ័យាបុត្រ ៖«ឡសម្ងួតនេះជាដំណាក់កាលទី១ ២៤ម៉ោង ២០តោន។ ក្នុងករណីតម្រូវការកាហ្វេច្រើន កសិករពង្រីកការដាំដុះច្រើន យើងនឹងពង្រីកទៅដំណាក់កាលពី២ ទី៣ តាមសមត្ថភាពជាក់ស្ដែងនៃការផលិតគ្រាប់កាហ្វេរបស់យើង»។​

បើតាមលោក លោក ជិន ជ័យាបុត្រ កត្តាដែលធ្វើឱ្យលោកសម្រេចចិត្តពង្រីកផលិតកម្មលើវិស័យដំណាំកាហ្វេបន្ថែម ដោយសារតែបច្ចុប្បន្នតម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យកម្ពុជា មានការនាំចូលគ្រាប់កាហ្វេច្រើនពីបរទេស។

សូមបញ្ជាក់ថា កម្ពុជា មានតម្រូវការគ្រាប់កាហ្វេប្រមាណ២ម៉ឺនតោន ក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ពាន់តោន ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១ម៉ឺន៨ពាន់ តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករដែលមានបំណងចង់ដាំដំណាំកាហ្វេ។

ដោយឡែក នៅឆ្នាំ២០២៦នេះ ការដាំដុះដំណាំកាហ្វេបានកើនឡើងគួរកត់សម្គាល់ ស្ថិតនៅលើផ្ទៃដីសរុបជាង៨០០ ហិកតា ដែលស្ថិតនៅខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ប៉ៃលិន កោះកុង ពោធិ៍សាត់ បាត់ដំបងជាដើម ។ក្នុងចំណោមទីតាំងដាំដុះទាំងនេះ ខេត្តរតនគិរី និងមណ្ឌលគិរី ដាំកាហ្វេច្រើនជាងគេ ខណៈខេត្តប៉ៃលិន និងខេត្តកោះកុង មានចំនួនតិចតួចប៉ុណ្ណោះ៕

ដោយ៖ខន ណារី

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា