ប្រាង្គឥដ្ឋលេខ១៣ ភ្នំបាខែង ជួសជុលរួចរាល់ ត្រៀមទទួលភ្ញៀវទេសចរជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាង្គឥដ្ឋលេខ១៣ ភ្នំបាខែង ជួសជុលរួចរាល់ ត្រៀមទទួលភ្ញៀវទេសចរជាថ្មី

ប្រាង្គឥដ្ឋលេខ១៣ ភ្នំបាខែង ជួសជុលរួចរាល់ ត្រៀមទទួលភ្ញៀវទេសចរជាថ្មី

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលពង្រឹងប្រាង្គប្រាសាទឥដ្ឋលេខ១៣ លើភ្នំបាខែងដោយជោគជ័យ ដែលជួយសង្គ្រោះប្រាសាទពីការទ្រុឌទ្រោម និងផ្តល់ភាពរស់រវើកឡើងវិញ។

មរតកដូនតាខ្មែរដ៏មានតម្លៃលើទឹកដីអង្គរត្រូវបានជួយសង្គ្រោះជាស្ថាពរហើយ ដោយក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលពង្រឹងប្រាង្គប្រាសាទឥដ្ឋលេខ១៣ នៅលើភ្នំបាខែង ដោយជោគជ័យ។ ​ការកែច្នៃដ៏ប្រណិតតាមបច្ចេកទេសនេះ បានជួយពង្រឹងសំណង់បុរាណនេះឡើងវិញ។

អ្នកស្រី ឈុន រតនា មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងជួសជុលដ៏លំបាកនេះត្រូវបានបែងចែកជាពីរដំណាក់កាលយ៉ាងម៉ត់ចត់ ដោយដំណាក់កាលទី១ ក្រុមការងារបានផ្តោតលើការសង្គ្រោះ និងពង្រឹងគ្រឹះខឿនថ្មបាយក្រៀមចំនួន ៦ស្រទាប់ ព្រមទាំងកម្រាលថ្មភក់ចំនួន ១ស្រទាប់ ដែលជាបង្អែកទ្រទ្រង់តួប្រាសាទផ្នែកខាងក្រោម។ លុះដល់ដំណាក់កាលទីពីរ ក្រុមអ្នកជំនាញបានបន្តឡើងទៅជួសជុលចាប់ពីរួតទីពីររហូតដល់រួតកំពូលដែលមានកម្ពស់ប្រមាណ ៦ម៉ែត្រ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

កន្លងមក ប្រាង្គឥដ្ឋលេខ១៣ ធ្លាប់រងការទ្រុឌទ្រោមខ្លាំងរហូតដល់មិនអាចឈរខ្លួនឯងបាន ដែលតម្រូវឱ្យក្រុមអ្នកអភិរក្សយកឈើទៅជួយទល់ទ្រ និងរុំព័ទ្ធខ្សែកាបជុំវិញតាំងពីក្រោមរហូតដល់កំពូល។ ប៉ុន្តែ តាមរយៈគោលការណ៍គ្រឹះដ៏ខ្ជាប់ខ្ជួនក្នុងការថែរក្សាទម្រង់ និងរចនាសម្ព័ន្ធដើមសុទ្ធសាធដោយមិនបន្ថែមរចនាសម្ព័ន្ធខុសពីប្រក្រតី​ ប្រាង្គឥដ្ឋលេខ១៣នេះ មិនត្រឹមតែអាចឈរយ៉ាងអង់អាចដោយខ្លួនឯងបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពរស់រវើក និងមានសោភ័ណភាពស្រស់ស្អាតដូចមុន។

គួរបញ្ជាក់ផងដែរថា ប្រាង្គឥដ្ឋលេខ១៣ គឺជាត្បូងពេជ្រដ៏កម្រមួយដែលនៅសល់ទម្រង់រូបរាងល្អឥតខ្ចោះចាប់ពីខឿនរហូតដល់កំពូល ក្នុងចំណោមប្រាង្គប្រាសាទឥដ្ឋទាំង ៤៤ នៅរាយប៉ាយជុំវិញភ្នំបាខែង។ ដូច្នេះ ក្រៅពីការរួចផុតពីគ្រោះថ្នាក់នៃការដួលរលំ ការជួសជុលនេះនឹងបន្ថែមភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឡើងទៅទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាលលើភ្នំបាខែង ហើយអាចគយគន់ភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរយ៉ាងជិតស្និទ្ធថែមទៀតផង៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា