ក្នុងខែតុលា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងសរុបជាង ៣០០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងខែតុលា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងសរុបជាង ៣០០នាក់

ក្នុងខែតុលា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងសរុបជាង ៣០០នាក់

 
កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសក្មេងទំនើង និងល្បែងស៊ីសងជាច្រើនករណី ដែលនាំឱ្យមានការឃាត់ខ្លួនមនុស្សសរុបជាង ៣០០នាក់ យកមកចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមរបាយការណ៍ប្រចាំខែតុលារបស់ក្រសួងមហាផ្ទៃ។
 
ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស ក្រោមការចូលរួមពីប្រជាពលរដ្ឋជាង ៧២ម៉ឺននាក់ ខណៈសមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានបង្ក្រាបករណីក្មេងទំនើងនិងល្បែងស៊ីសងសរុបជាង ៣០០នាក់ផងដែរ។
 
យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅថ្ងៃទី ១២ វិច្ឆិកា បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះបានធ្វើឡើងតាមរយៈវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីពង្រឹងសន្តិសុខ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតជូនប្រជាពលរដ្ឋ។
 
គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនេះ មានខ្លឹមសារស្នូលលើការទប់ស្កាត់បទល្មើស ការផ្ដល់សេវាសាធារណៈ អនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ក្មេងទំនើង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាត។
 
ទន្ទឹមនឹងការងារផ្សព្វផ្សាយនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចាត់វិធានការយ៉ាងតឹងរឹងដោយបង្ក្រាបករណីក្មេងទំនើងបាន ៥៨ករណី ឃាត់ខ្លួនមនុស្ស ២១៦នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត នៅក្នុងខែតុលាកន្លងទៅនេះ ។
 
ដោយឡែក ករណីល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចបង្ក្រាបបាន ២៥ករណី ឃាត់ខ្លួនមនុស្ស ១០១នាក់ ក្នុងនោះ ៧៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ២៧នាក់ផ្សេងទៀត ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពនៅក្នុងសង្គមជាតិ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា