សម្តេចតេជោ អនុញ្ញាតឱ្យទូតអាម៉េរិកថ្មីចូលជួប ក្រោយតំណែងនេះទំនេរជិត២ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ អនុញ្ញាតឱ្យទូតអាម៉េរិកថ្មីចូលជួប ក្រោយតំណែងនេះទំនេរជិត២ឆ្នាំ

សម្តេចតេជោ អនុញ្ញាតឱ្យទូតអាម៉េរិកថ្មីចូលជួប ក្រោយតំណែងនេះទំនេរជិត២ឆ្នាំ

បន្ទាប់ពីទុកឱ្យតំណែងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាទំនេរអស់រយៈពេលជិត២ឆ្នាំ សហរដ្ឋអាម៉េរិកបានបញ្ជូនទូតថ្មីរបស់ ខ្លួនមកកាន់ រាជធានីភ្នំពេញជាផ្លូវការដែលការណ៍នេះត្រូវបានអ្នកជំនាញចាត់ទុកថាជា «សញ្ញាណវិជ្ជមាន» នៃការបើកទំព័រទំនាក់ទំនងថ្មី និងការផ្តល់ តម្លៃស្មើមុខស្មើមាត់រវាងប្រទេសទាំងពីរ។

ជាការចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតជូនឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន (Christopher Anderson) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋ​អាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព។

ជុំវិញវត្តមានទូតថ្មីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នេះគឺជាចំណុចរបត់ដ៏ល្អមួយដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិកនាពេលបច្ចុប្បន្ន ព្រមទាំងបង្ហាញ​ពីសុឆន្ទៈក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលជាផលប្រយោជន៍រួម។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ដើម្បីរុញច្រានទំនាក់ទំនងនេះឱ្យកាន់តែប្រសើរ កម្ពុជា និងអាម៉េរិក ត្រូវឈ្វេងយល់ឱ្យបានស៊ី​ជម្រៅ​ពីតម្រូវការ និងផលប្រយោជន៍យុទ្ធសាស្ត្ររៀងៗខ្លួន។ លើសពីនេះ ការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលំហប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជា ក៏នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណត់ពីស្ថិរភាព និងភាព​រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ​ផងដែរ។
១.(សំឡេងលោកបណ្ឌិតគិន ភា)

គួររំលឹកថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចតែងតាំង​ឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន(Christopher Anderson (ជាបេក្ខជនឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ជំនួសលោក W. Patrick Murphy ដែលបានបញ្ចប់បេសកកម្មកាលពីពាក់កណ្តាលឆ្នាំ២០២៤។ លោក Anderson គឺជាអ្នកការទូតចាស់វស្សាមួយរូបតាំងពីឆ្នាំ២០០៥ និងធ្លាប់បំពេញបេសកកម្មនៅប្រទេសរុស្ស៊ី អាមេនី ម៉ុងហ្គោលី និងអ៊ុយក្រែន។ លោកកើតនៅប្រទេសអ៊ីរ៉ង់ ធ្លាប់រស់នៅដាណឺម៉ាក មុននឹងទៅធំធាត់នៅសហរដ្ឋអាម៉េរិក ដោយមានម្តាយជាជនជាតិស៊ុយអែត និងឪពុកជាជនជាតិអាម៉េរិក៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា