មកទស្សនា«ភូមិហ្វ្រង់កូហ្វូនី» កុំភ្លេចមកពិសាទឹកស្អាតដំបូងគេនៅកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកទស្សនា«ភូមិហ្វ្រង់កូហ្វូនី» កុំភ្លេចមកពិសាទឹកស្អាតដំបូងគេនៅកម្ពុជា​

មកទស្សនា«ភូមិហ្វ្រង់កូហ្វូនី» កុំភ្លេចមកពិសាទឹកស្អាតដំបូងគេនៅកម្ពុជា​

​«ភូមិហ្វ្រង់កូហ្វូនី» ដែលស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី ចាប់ផ្តើមបើកជាផ្លូវការហើយ​នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ភូមិហ្វ្រង់កូហ្វូនីដែលមានរយៈពេល៥ថ្ងៃនេះ នឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ៩យប់។ 

នៅក្នុងភូមិហ្វ្រង់កូហ្វូនីទំហំ១ម៉ឺន​ម៉ែត្រការ៉េ សាធារណជនអាចទៅយកទឹកស្អាតសម្រាប់បរិភោគស្រាប់ៗចេញពីក្បាលរ៉ូប៊ីណេទឹក ដោយឥតគិតថ្លែផងដែរ។ ទឹកស្អាតដែលអាចបរិភោគបានភ្លាមៗនេះ គឺមានសុវត្ថិភាព។  កន្លែងផ្តល់ទឹកស្អាតនេះ រៀបចំឡើងដោយភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ក្នុងព្រឹត្តិការណ៍«ភូមិហ្វ្រង់កូហ្វូនី»នឹង​មានការរៀបចំស្តង់ពិព័រណ៍ផ្សេងៗ និងពិព័រណ៍ម្ហូបអាហារសរុបចំនួន១៦០ស្តង់ មានការរៀបចំតំបន់ពន្លាជាតិ ចំនួន៧៣ពន្លា ដែលមាន៥៦ប្រទេស រដ្ឋ និងតំបន់សមាជិកអង្គការហ្វ្រង់កូហ្វូនី។ ទីតាំងពន្លាជាតិរបស់ប្រទេសកម្ពុជានីមួយៗ មានរំលេចនូវអរិយធម៌​ វប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងសមិទ្ធផល​សេដ្ឋកិច្ច និងសង្គម។   
ជាមួយគ្នានេះ នឹងមានសាល​សន្និសីទ និងវេទិកាសន្ទនាចំនួន៣០តុមូល។ ជាពិសេសនឹងមានការសម្តែងសិល្បៈ និងវប្បធម៌ប្រចាំថ្ងៃ ជាង៥០កម្មវិធី ​ដែលជាសិល្បៈចម្រុះរបស់សិល្បករ សិល្បការិនីខ្មែរ និងអន្តរជាតិ។ 

ការៀបចំភូមិហ្វ្រង់កូហ្វូនីនេះដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។​
កម្ពុជា រំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាភូមិហ្វ្រង់កូហ្វូនីនេះ​ចំនួនប្រមាណ១០ម៉ឺននាក់។​

អស់រយៈពេល ៣០ឆ្នាំមកហើយ ដែលប្រទេសបារាំង និងប្រទេសកម្ពុជា បានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មនុស្សជាង ១,៣ លាននាក់មានលទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគ តាមរយៈគម្រោងបាក់ខែង ដែលទទួលបានហិរញ្ញប្បទានរួមគ្នាពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)  ធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប (EU) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)៕ 
ដោយ៖សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា