ទូតថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅកម្ពុជា ដើម្បីស្វែងរកឱកាសទាក់ទាញអ្នកវិនិយោគអាមេរិកឱ្យកើនឡើងបន្ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅកម្ពុជា ដើម្បីស្វែងរកឱកាសទាក់ទាញអ្នកវិនិយោគអាមេរិកឱ្យកើនឡើងបន្ថែមទៀត

ទូតថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅកម្ពុជា ដើម្បីស្វែងរកឱកាសទាក់ទាញអ្នកវិនិយោគអាមេរិកឱ្យកើនឡើងបន្ថែមទៀត

ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់អាមេរិកបានមានប្រសាសន៍ថា លោកនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។

នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាព នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជារីករាយខ្លាំងណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជា ដែលបានធ្វើកិច្ចការងារ ក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិក នាពេលកន្លងមកទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ ដែលពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានទទួលការតែងតាំងថ្មីនៅពេលនេះ។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា នឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង ព្រោះថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជាតែឯងនោះទេ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាបានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកនៅពេលកន្លងមក ហើយឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមមានសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់កម្ពុជា ។

ឯកឧត្តម បានមើលឃើញពីវិបុលភាពរបស់កម្ពុជា តាមរយៈសន្តិភាព ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងខិតខំប្រឹងប្រែងជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ឯកឧត្តមនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាស ក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បំពេញបេសកកម្មប្រកបដោយភាពជោគជ័យ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា