ចិន បង្ហាញដ្រូនចម្បាំងបំបាំងកាយ រហស្សនាម “នាគលាក់ខ្លួន” រូបរាងស្រដៀងយន្តហោះ B-2 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បង្ហាញដ្រូនចម្បាំងបំបាំងកាយ រហស្សនាម “នាគលាក់ខ្លួន” រូបរាងស្រដៀងយន្តហោះ B-2

ចិន បង្ហាញដ្រូនចម្បាំងបំបាំងកាយ រហស្សនាម “នាគលាក់ខ្លួន” រូបរាងស្រដៀងយន្តហោះ B-2

ប៉េកាំង ៖ កងទ័ពអាកាសរបស់ប្រទេសចិន បានបង្ហាញយន្តហោះដ្រូនចម្បាំងបំបាំងកាយ “GJ-11” ដែលមានរហស្សនាមថា “នាគលាក់ខ្លួន” ជាមួយនឹងសមត្ថភាពអាចហោះហើរលើអាកាសបានចម្ងាយជាង ៤ ពាន់ គីឡូម៉ែត្រ ។
 
បើតាមគេហទំព័រយោធា Army Recognition, យន្តហោះដ្រូន GJ-11 ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Hongdu Aviation Industry Group និងវិទ្យាស្ថានរចនាយន្តហោះ Shenyang របស់ប្រទេសចិន ។
 
វាមានតួខ្លួនប្រវែងជាង ១២ ម៉ែត្រ ស្លាបប្រវែងជិត ១៤ ម៉ែត្រកន្លះ និងកម្ពស់ប្រហែល ២.៧ ម៉ែត្រ ព្រមទាំងបំពាក់ម៉ាស៊ីន​ប្រភេទ Turbofan ចំនួនមួយគ្រឿង ដែលធ្វើឱ្យវាអាចហោះហើរក្នុងល្បឿនជាង ១ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសមត្ថភាពផ្ទុកទម្ងន់បានដល់ទៅ ២ តោន ។
 
ដ្រូន “នាគលាក់ខ្លួន” នេះ មានតួខ្លួនសំប៉ែត និងមិនមានកន្ទុយនោះឡើយ ពោលវាស្រដៀងនឹងយន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក ។ អ្នកជំនាញថា ការរចនាបែបនេះ អាចជួយកាត់បន្ថយការចាប់សញ្ញាពីប្រព័ន្ធរ៉ាដា និងកាំរស្មីអ៊ីនហ្វ្រារ៉េដបានយ៉ាងមានប្រសិទ្ធភាព ។
 
ចំណែកចំណុចពិសេសរបស់វា គឺមានឃ្លាំងផ្ទុកអាវុធចំនួន២ នៅផ្នែកខាងក្រោមពោះយន្តហោះ ហើយឃ្លាំងទាំងនេះអាចផ្ទុកគ្រាប់បែកនាំផ្លូវមានភាពជាក់លាក់ មីស៊ីលវាយប្រហារគោលដៅលើដីគោក រួមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិកជាដើម ។
 
លើសពីនេះ វាថែមទាំងអាចធ្វើប្រតិបត្តិការជាក្រុម ដោយហោះអមជាមួយយន្តហោះចម្បាំងបំបាំងកាយ J-20 និងយន្តហោះចម្បាំង J-16 ដើម្បីជួយស៊ើបការណ៍ ឬចូលទៅកម្ទេចសំណាញ់មេឃរបស់សត្រូវជាមុនផងដែរ ។
 
បើតាម Global Times, យន្តហោះដ្រូន GJ-11 បានបង្ហាញខ្លួនជាជាលើកដំបូងក្នុងពិធីព្យុហយាត្រាអបអរទិវាជាតិចិន នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ២០១៩ ។ ក្រោយមក វាបានចូលបម្រើការក្នុងជួរកងទ័ពអាកាសចិននៅចុងឆ្នាំ២០២៥ ៕
 
ប្រភព ៖ Army Recognition និង Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា