កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីnSកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម​ប្រធានា​ធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ

ក្នុងឱកាសនៃជំនួប, ឯកឧត្ដមប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់​រាជរដ្ឋាភិបាល ជាមួយនឹងស្នាមញញឹមរបស់ប្រជាជនកម្ពុជា។ ឯកឧត្ដម ក៏បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់​រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រ​ប្រវត្តិសាស្ត្រ​ដ៏ខ្មៅងងឹត ខណៈដែលរវ៉ាន់ដា ក៏ធ្លាប់​ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។ ផ្អែកលើចំណងការទូតទ្វេ​ភាគីជាងពីរទសវត្សរ៍កន្លងមកនេះ, ឯកឧត្ដមប្រធានាធិបតី បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួម​ក្នុង​​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងទ្វេភាគី រវ៉ាន់ដា​-កម្ពុជា​ ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជ​កម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប,សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីរវ៉ាន់ដា និងគណៈប្រតិភូ ដែលបាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដែលការណ៍នេះ នឹងរួមចំណែក​យ៉ាងសំខាន់ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី​ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាព​លើវិស័យ​សក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារ​សម្រាប់នាំទំនិញកម្ពុជា​ចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។ ដោយឡែក, ក្នុងក្របខ័ណ្ឌតំបន់ និងសកល, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការ​សហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព,​​ ស្ថេរភាព និង វិបុលភាពរួម។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​ ៣​ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។
២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។
៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា