ឯកឧត្តម ហួត ហាក់៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហួត ហាក់៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច

ឯកឧត្តម ហួត ហាក់៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា និងប្រទេសផ្សេងទៀតមានឆន្ទៈរួមគ្នា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិនានា ព្រមទាំងជំរុញវិស័យវប្បធម៌ចម្រុះ ទេសចរណ៍ និងសេដ្ឋកិច្ច ដែលជាចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងវេទិកាសន្ទនាស្តីពី «សន្តិភាព និងការអភិវឌ្ឍទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាការរឹតចំណងសាមគ្គីភាពរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ វាជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងមិត្តភាព និងជំរុញការវិនិយោគ ព្រមទាំងពិភាក្សាលើបញ្ហានានា ដើម្បីស្វែងរកដំណោះស្រាយ និងការរីកចម្រើនរួមគ្នា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងដែរថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍។ ការធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង ត្រូវតែមានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរ និងកម្សាន្តបានដោយសុវត្ថិភាព។ ក្រៅពីនេះ ក្រុមហ៊ុនក្នុងស្រុក និងបរទេសក៏អាចធ្វើការវិនិយោគដោយមានទំនុកចិត្ត ខណៈសហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ តាមរយៈការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

ផ្ទុយទៅវិញ ប្រសិនបើគ្មានសន្តិភាពទេ វិស័យទេសចរណ៍មិនអាចដំណើរការបានល្អ អ្នកវិនិយោគមិនហ៊ានមកវិនិយោគ ហើយការរីកចម្រើននានាក៏មិនអាចទៅមុខបានឡើយ។​ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា៖ «តាមបទពិសោធន៍ដែលយើងបានជួបកន្លងមក បើគ្មានសន្តិភាព យើងមិនមានអ្វីទាំងអស់។ ម្ល៉ោះហើយ សន្តិភាពគឺជារឿងដ៏សំខាន់ និងចាំបាច់ ក្នុងនោះរួមទាំងការថែរក្សា និងអភិរក្សកេរដំណែលវប្បធម៌ជាតិផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដែរថា វិស័យទេសចរណ៍កម្ពុជាប្រៀបដូចជា «ដុំមាស និងពេជ្រ» ហើយសមិទ្ធផលទាំងនេះក៏ផ្តើមចេញពីការដែលប្រទេសកម្ពុជាមានសន្តិភាពផងដែរ។ ការមានសន្តិភាពបានធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើន និងក្លាយជាសសរទ្រូងមួយនៃសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះនឹងមានវេទិកាពិភាក្សារវាងបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប អាហ្វ្រិក និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីស្វែងរកឱកាស និងការរីកចម្រើនក្នុងវិស័យជាច្រើន។ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាចង់ផ្ញើសារទៅកាន់បណ្តាប្រទេសជាមិត្ត អំពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពយ៉ាងកក់ក្តៅ៕

ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក ជីម ភារា

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា