ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងភរិយា អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងភរិយា អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងភរិយា អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អមដំណើរដោយលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងនិងលោកជំទាវ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់ឯកឧត្តមប្រធានាធិបតីបារាំង ធ្វើឡើងតបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រមុខរដ្ឋបារាំងមកកាន់កម្ពុជា ក្នុងរយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterrand) កាលពីឆ្នាំ១៩៩៣។

យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរក៏គ្រោងនឹងចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន លើវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ ដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូឱ្យកាន់តែរឹងមាំថែមទៀត។

ក្រៅពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ឯកឧត្តមប្រធានាធិបតីបារាំង ក៏នឹងដង្ហែព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ អញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីបិទបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាបផងដែរ។

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា