អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអគ្គនាយកអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀត​ដល់ប្រជាជនកម្ពុជា​។​ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល​កម្ពុជាកន្លងមក, អង្គការ យូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្នុងឱកាសនេះ។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។ សម្ដេចធិបតីបានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ​ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច​។​  ជាមួយគ្នានេះ,​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។

​មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា