កាសែត Anadolu ៖ លោក Macron ក្លាយជាប្រធានាធិបតីបារាំងដំបូងគេមកកាន់កម្ពុជា ក្នុងពេល ៣៣ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែត Anadolu ៖ លោក Macron ក្លាយជាប្រធានាធិបតីបារាំងដំបូងគេមកកាន់កម្ពុជា ក្នុងពេល ៣៣ ឆ្នាំ

កាសែត Anadolu ៖ លោក Macron ក្លាយជាប្រធានាធិបតីបារាំងដំបូងគេមកកាន់កម្ពុជា ក្នុងពេល ៣៣ ឆ្នាំ

ភ្នំពេញ ៖ លោក Emmanuel Macron បានក្លាយជាប្រធានាធិបតីបារាំងដំបូងគេ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា ក្នុងពេល ៣៣ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំង លោក Francois Mitterrand ក្នុងឆ្នាំ ១៩៩៣ មក ។ នេះបើតាមកាសែត Anadolu ចេញផ្សាយកាលពីថ្ងៃ សៅរ៍ ។

លោក Macron និងលោកស្រីជំទាវទី១ Brigitte Macron បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ជាមួយនឹងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ។

តាមរយៈបណ្តាញសង្គម X, ប្រធានាធិបតីបារាំងរូបនេះ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ព្រមទាំងម៉ាឡេស៊ី ផ្តោតសំខាន់លើការការពារការងារសម្រាប់ប្រជាជនបារាំង បើកទីផ្សារថ្មីៗ និងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ច ។

លោក Macron បានបញ្ជាក់យ៉ាងដូច្នេះថា នៅកម្ពុជា ខ្ញុំមកជាមួយមេដឹកនាំធុរកិច្ច ដើម្បីបើកទីផ្សារថ្មីៗ ដោយប្រើប្រាស់អត្ថប្រយោជន៍ពីសហគមន៍និយាយភាសាបារាំង ដែលជួយនាំយើងឱ្យកាន់តែជិតស្និទ្ធនឹងគ្នា ។

បន្ថែមលើនេះ លោក Macron ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីជំនាញរបស់បារាំង ជាពិសេសបទពិសោធន៍ពីផ្សារលក់ដុំអាហារ Rungis ដែលស្ថិតនៅជិតទីក្រុងប៉ារីស ដើម្បីយកមកអភិវឌ្ឍទីផ្សារផ្ទាល់ខ្លួនរបស់កម្ពុជា ។

ក្នុងអំឡុងពេលមកកាន់កម្ពុជា ប្រធានាធិបតីបារាំងរូបនេះ ត្រូវបានរាយការណ៍ថា នឹងចូលរួមជាមួយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅតំបន់អង្គរ ខេត្តសៀមរាប បន្ទាប់ពីការងារជួសជុលរួមគ្នារវាងបារាំង និងកម្ពុជាបានដំណើរការអស់រយៈពេល ១៤ ឆ្នាំ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា