ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
Politico 360• 15/11/2026

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានប្រទេសចំនួន ៨១ ចូលរួម។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង២០ប្រទេស ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ផងដែរ។ ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺរួមគ្នាបន្តកសាងសន្តិភាព និងវិបុលភាពរួម និងស្ថេរភាពនយោបាយ។ ប្រធានបទនេះ ត្រូវបានជ្រើសរើសរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយឆ្លុះបញ្ចាំងពីការពិតមួយថា សន្តិភាពគឺជាលក្ខណ្ឌមូលដ្ឋាននៃការវិឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញឡើងថ្លែងសន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំហ្វ្រង់កូហ្វូនី បានបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានការផ្សាយផ្ទាល់ ដោយក្នុងនោះនឹងមានសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់មកមានសារស្វាគមន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសាររបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងក្នុងនាមជាប្រធាន។ បន្ទាប់ទៅ នឹងមានការផ្ទេរតំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីទី១៩ មកទី២០។ បន្ទាប់មក នឹងមានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់នឹងថ្លែងនៅក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ បន្ទាប់មកនឹងមានកិច្ចប្រជុំពេញអង្គរបស់សមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏ដូចជាមានកិច្ចពិភាក្សាតុមូលទៅតាមប្រធានបទនីមួយៗ។ ក្រៅពីនោះក៏មាននីតិវិធីនៅក្នុងកិច្ចការងារប្រជុំបិទទ្វារ ហើយក៏មាននីតិវិធីមួយទៀត គឺពាក់ព័ន្ធជាមួយនឹងការជ្រើសរើសអគ្គលេខាធិការថ្មីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺនឹងត្រូវអនុម័តនៅឯកសារចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី រួមមាន៖
១. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍។
២. សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី។
៣. សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

សូមជម្រាបថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកិច្ចប្រជុំកំពូលលើកទី២ នៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយនៅឆ្នាំ១៩៩៧។ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង អញ្ជើញបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (នៅមណ្ឌលសន្និបាតជ្រោយចង្វារ OCIC)៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា