កាយវិការដ៏សាមញ្ញនិងរួសរាយរបស់ឯកឧត្តម ប្រធានាធិបតីបារាំង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាយវិការដ៏សាមញ្ញនិងរួសរាយរបស់ឯកឧត្តម ប្រធានាធិបតីបារាំង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ

កាយវិការដ៏សាមញ្ញនិងរួសរាយរបស់ឯកឧត្តម ប្រធានាធិបតីបារាំង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ

ភាពសាមញ្ញ និងកាយវិការរួសរាយរាក់ទាក់របស់ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅលើទឹកដីកម្ពុជាកំពុងទទួល​បាននូវការកោតសរសើរយ៉ាងខ្លាំងពីមហាជនខ្មែរ​។

បន្ទាប់ពីអញ្ជើញមកដល់រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ​នៅកម្ពុជា ​និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត​ ឯកឧត្តមប្រធានា​ធិបតី បារាំង​និងលោកជំទាវ បានបង្ហាញនូវស្នាមញញឹមដ៏កក់ក្តៅ ភាពស្និទ្ធស្នាល និងការផ្តល់កិត្តិយសយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីពេលចុះពីយន្តហោះពិសេសរបស់មកម៉្លេះ។លោកបានផ្តល់នូវស្នាមថើបដោយក្តីស្រឡាញ់រាប់ដល់កុមារីខ្មែរដ៏ទន់ភ្លន់ ដែលជូន
កម្រងផ្កាតំណាងឱ្យនូវការជូនពរនិងប្រសិទ្ធពរជ័យជូនចំពោះឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។

ក្រោយចុះពីលើយន្តហោះ ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ មិនបានឡើងជិះលើរថយន្តភ្លាមនោះទេ តែបានធ្វើដំណើរទៅ​សំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរ និងបារាំង ដែលកំពុងឈរស្វាគមន៍លោក​ ព្រមទាំងអញ្ជើញទស្សនាការសម្តែងរបាំក្ងោក និងការសម្តែងឆៃយ៉ាំ។

នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ប្រជាពលរដ្ឋ និងមហាជនទូទៅមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញវត្តមានរបស់ ឯឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវទី១ បានអញ្ជើញដើរកម្សាន្តដោយថ្មើរជើងយ៉ាងស្និទ្ធស្នាលនៅតាមបណ្តោយមាត់ទន្លេ មុខព្រះបរមរាជវាំង។ឯកឧត្តមប្រធានាធិបតី បានកាន់ដៃភរិយា ហាក់ដូចជាគូស្នេហ៍ បានដើរទស្សនាទិដ្ឋភាពដ៏ស្រស់បំព្រងនាពេលរាត្រី តាមសួនច្បារ ទីតាំងលម្ហសាធារណៈ ដែលបានតុបតែងដ៏ស្រស់ស្អាតជាពិសេសក្នុងពេលរាត្រីបង្ហាញនូវសម្រស់រាជធានីភ្នំពេញ បេះដូង​នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានធ្វើដំណើរដោយថ្មើរជើងចាប់ពីតំបន់មាត់ទន្លេមុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលរូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត។

ការសម្រេចចិត្តអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅទីសាធារណៈរបស់មេដឹកនាំកំពូលបារាំងនាពេលនេះ មិនត្រឹមតែផ្តល់នូវភាពស្និទ្ធស្នាល​និង​កក់ក្តៅ​ចំពោះការស្វាគមន៍​ដោយស្នាមញញឹមខ្មែរប៉ុណ្ណោះទេ ។លើសពីនេះជាការបង្ហាញឱ្យឃើញនូវ​ទំនុកចិត្តចំពោះ សុខសុវត្ថិភាព ស្ថិរភាព និងសន្តិសុខក្នុងអំឡុងពេលស្នាក់នៅកម្ពុជាផងដែរ។

វត្តមានដ៏មានសារៈសំខាន់របស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅលើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការទូតដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែឥរិយាបថដ៏សាមញ្ញ និងភាពរួសរាយ​រាក់ទាក់របស់លោក បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង។មហាជនខ្មែរ ដោយចាត់ទុកថា​ សកម្មភាពទាំនេះជាការ​បង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន និងការផ្តល់តម្លៃដល់វប្បធម៌ និងប្រជាជនកម្ពុជា។

សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះឯកឧត្តមប្រធានាធិបតីបារាំង បានអញ្ជើញចូលរួមក្នុងពិធីបើក​ជាផ្លូវការនូវ​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត OCIC រាជធានីភ្នំពេញ ៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា