សម្តេចធិបតី៖ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

សម្តេចធិបតី៖ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០២៥, ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើក រវាងកម្ពុជានិងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបានរំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀង រហូតនោះឡើយ។ ការបញ្ជាក់របស់សម្តេចធិបតីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០, ០០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។
យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ, យើងស្នើសុំ ឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ-ជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបាន គូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។ រីឯនៅតំបន់សមុទ្រវិញ, យើងបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហ-ប្រជាជាតិស្តីពីនីតិសមុទ្រ។ ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ ដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បន្ថែមថា កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារ និងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការ ប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជា ការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។ ខ្ញុំសូមថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្ត ទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និង ដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំនឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាង សន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា