សម្តេចធិបតី អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ

សម្តេចធិបតី អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់ រវាងកម្ពុជា-ថៃ។ សម្ដេចធិបតីស្នើឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំង២។សម្ដេច​ធិបតី​បានសង្កត់ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ។

ក្នុងសុន្ទរកថាជាភាសាបារាំងនៅពេលព្រឹកថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ថ្លែងទៅកាន់គណៈប្រតិភូ​ជាង៨០ប្រទេសជាសមាជិក​ហ្រ្វង់កូហ្វូនី ,ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលជាង២០ប្រទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា​ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង​នៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែ នៅ​ឆ្នាំ​២០២៥​, ការប៉ះទង្គិចដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុន​នោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ព្រឹត្តិការណ៍នេះបានរំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមាន​ស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។

សម្តេចធិបតីបានបញ្ជាក់ទៀតថា បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅ​តែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់ គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើន​កន្លែង​នៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិល​ត្រឡប់ទៅ​កាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាព​ចម្បងរបស់យើង។

សម្ដេចធិបតីហ៊ុន ម៉ាណែត បន្តថា យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ, យើងស្នើសុំ ឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន គោក។ ព្រំដែនកម្ពុជា-ថៃមិនមែន​ជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ-ជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបាន គូសវាសយ៉ាងច្បាស់លាស់រួច​ហើយ​តាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ,នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។ រីឯនៅតំបន់សមុទ្រវិញ, យើងបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហ-ប្រជាជាតិស្តីពីនីតិសមុទ្រ។ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ ដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថាកម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែល ការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍​នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវ​សន្តិសុខ​ដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។

ក្នុងសុន្ទរកថាដដែល សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្ត ទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបាន​គាំទ្របទឈប់បាញ់ និង ដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
សម្ដេចគូសរំលេចថា ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព៕

ដោយ៖ទួន សុផល ,សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា