ព្រះមហាក្សត្រខ្មែររំលេចតម្លៃសន្តិភាពនិង «ស្នាមញញឹមខ្មែរ» នៅចំពោះមុខថ្នាក់ដឹកនាំ៨២ ប្រទេសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រខ្មែររំលេចតម្លៃសន្តិភាពនិង «ស្នាមញញឹមខ្មែរ» នៅចំពោះមុខថ្នាក់ដឹកនាំ៨២ ប្រទេសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រះមហាក្សត្រខ្មែររំលេចតម្លៃសន្តិភាពនិង «ស្នាមញញឹមខ្មែរ» នៅចំពោះមុខថ្នាក់ដឹកនាំ៨២ ប្រទេសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលគូស​បញ្ជាក់​ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ,ការងើបឡើងវិញនៃវប្បធម៌ និងអត្ថន័យនៃស្នាមញញឹមខ្មែរដែលកើតចេញ​ពីការបង្រួប​បង្រួមជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិបាល និងគណៈប្រតិភូមកពី ៨២ ប្រទេស។

ក្នុងព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា កិច្ចប្រជុំកំពូលនេះបើកឡើងចំពេលគម្រប់ ៦០ឆ្នាំ បន្ទាប់ពី​សំឡេងរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល បានបន្លឺឡើងក្នុងពហុកីឡដ្ឋាននៃរាជធានីភ្នំពេញ។ ព្រះអង្គបានរំលឹកថា កម្ពុជាបានឆ្លងកាត់​សង្គ្រាម ,សោកនាដកម្ម និងដំណើរដ៏វែងឆ្ងាយក្នុងការកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យប្រជាជនកម្ពុជាយល់ច្បាស់ជាងនរណា​ទាំងអស់​ថា សន្តិភាពមានតម្លៃថ្លៃថ្លាប៉ុណ្ណា ហើយការរក្សាសន្តិភាពទាមទារនូវការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបន្សល់ទុកនូវសន្តិភាពយូរ​អង្វែង​សម្រាប់​មនុស្សជំនាន់ក្រោយ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ហ្វ្រង់កូហ្វូនី គឺជាសហគមន៍ដែលបង្រួបបង្រួមប្រជាជាតិនានាតាមរយៈភាសារួម ដោយមិនតម្រូវឱ្យ​បោះបង់​អត្តសញ្ញាណឡើយ ហើយកម្ពុជាគឺជាសក្ខីភាពនៃឧត្តមគតិនេះ ដែលជាខ្មែរអាស៊ី និងហ្វ្រង់កូហ្វូនីយ៉ាងពេញលេញ។

ទន្ទឹមនឹងនេះ ព្រះអង្គបានរំលឹកពីការខិតខំងើបឈរឡើងវិញនៃវប្បធម៌ខ្មែរ បន្ទាប់ពីរងការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម និងបានថ្លែង​អំណរ​គុណដល់ប្រទេសបារាំងដែលបានជួយអភិរក្សអង្គរអស់រយៈពេលជាងមួយសតវត្សរ៍។

ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាម ជម្លោះ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះទំនុកចិត្ត ការជ្រើសរើស​ប្រធានបទកិច្ចប្រជុំកំពូលលើការរួមគ្នាបន្តកសាងសន្តិភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់។ ព្រះអង្គសង្ឃឹមថាសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេច និងសេចក្តីអំពាវនាវ នឹងត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ដោយមានការចូលរួមពេញលេញពីស្ត្រី និងយុវជន។

ទន្ទឹមនេះ ព្រះអង្គបានមានព្រះរាជបន្ទូលផ្ដាំផ្ញើអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃ «ស្នាមញញឹមខ្មែរ» និងការលើកដៃសំពះ ដែលបានឆ្លងកាត់​ភាពភ័យខ្លាច និងកើតចេញពីការជ្រើសរើសយកការបង្រួបបង្រួមជាតិ ព្រមទាំងបានដកស្រង់ពុទ្ធឱវាទថា «សេចក្តីស្អប់មិនអាច​រំលាយ​ដោយសេចក្តីស្អប់បានឡើយ គឺមានតែសេចក្តីស្រឡាញ់តែប៉ុណ្ណោះ ទើបអាចរំលាយសេចក្តីស្អប់បាន» ដោយទ្រង់សព្វព្រះរាជហឫទ័យ​អញ្ជើញគណៈប្រតិភូទាំងអស់នាំយកស្នាមញញឹម និងកាយវិការសំពះដ៏កក់ក្តៅនេះ ចាកចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសរបស់​ខ្លួនវិញផងដែរ៕

ដោយ៖ទួន សុផល

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា