ឯកសារសំខាន់៣ ត្រូវបានបញ្ជូនទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីអនុម័តនៅថ្ងៃស្អែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកសារសំខាន់៣ ត្រូវបានបញ្ជូនទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីអនុម័តនៅថ្ងៃស្អែក

ឯកសារសំខាន់៣ ត្រូវបានបញ្ជូនទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីអនុម័តនៅថ្ងៃស្អែក

ឯកសារគោលនយោបាយសំខាន់ៗចំនួន៣ ដែលសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីបានឯកភាពគ្នារួចហើយនោះ ត្រូវបានបញ្ជូនមកកាន់​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពិភាក្សា និងអនុម័តជាផ្លូវការនៅថ្ងៃស្អែកទី១៦ ខែវិច្ឆិកា។

ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានបញ្ជាក់ថា ឯកសារស្នូល​ទាំង​៣ដែលសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីបានឯកភាពគ្នាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយបញ្ជូនមកកាន់កិច្ចប្រជុំកំពូលនៅថ្ងៃនេះ រួមមាន​ទី១.សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនី ស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍។ ទី២. គឺសេចក្តីសម្រេចស្តីពី​ស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី។

ចំណែកឯកសារសំខាន់ទី៣.សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ ដែលរៀបចំឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលបានរងការខូចខាតបេតិកភណ្ឌវប្បធម៌យ៉ាងធ្ងន់ធ្ងរ ជាពិសេស​គឺប្រាសាទព្រះវិហារ និងប្រាសាទតាក្របីរបស់ខ្មែរ ក្នុងអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃ​មកលើទឹក​ដីកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅ។

អ្នកនាំពាក្យកិច្ចប្រជុំកំពូលរូបនេះបានគូសបញ្ជាក់បន្ថែមថា តាមរយៈការពិភាក្សា និងអនុម័តលើឯកសារទាំង៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ស្អែកនេះ កិច្ចប្រជុំកំពូលត្រូវបានរំពឹងថា នឹងសម្រេចបាននូវលទ្ធផលធំៗចំនួន៥ ។ លទ្ធផលទី១.សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នឹងក្លាយ​ជាឯកសារនយោបាយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ចំពោះសន្តិភាព វិបុលភាពរួម និងស្ថិរភាព​យូរអង្វែង។ទី២.ការពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងការការពារសន្តិភាព និងគាំទ្រការដោះស្រាយវិបត្តិ តាមរយៈ​ការ​ជំរុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការពង្រឹងស្ថិរភាពក្នុងសហគមន៍។ទី៣. ការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិ​ការនា​ពេលអនាគត ជាពិសេសលើវិស័យអប់រំ យុវជន ស្ត្រី សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច។ទី៤. ការពង្រឹងស្ថិរភាពស្ថាប័ននៃ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាមរយៈការពិនិត្យវឌ្ឍនភាពនៃកម្មវិធីការងារឆ្នាំ២០២៤-២០២៧ និងការកំណត់ទិសដៅ​យុទ្ធសាស្ត្រ​បន្ទាប់ និងទី៥.ការសម្រេចចិត្តលើការពង្រីកសមាជិកភាព និងការដឹកនាំអង្គការ ដែលរួមមានការសម្រេចលើ​សំណើចូល​ជាសមាជិក ការផ្លាស់​ប្តូរឋានៈសមាជិក ព្រមទាំងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជំនួសអគ្គលេខាធិការ​បច្ចុប្បន្នដែលនឹងត្រូវផុតអាណត្តិ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា