សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះបី ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះបី ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី 

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះបី ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត ។ទំនុកចិត្តទាក់ទាញការ​វិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព។គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវតែម្នាក់ឯងបានឡើយ ។ ដូច្នេះសម្ដេច បានស្នើឱ្យមានសកម្មភាពគន្លឹះ ចំនួនបី គឺ៖ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព ។

ក្នុងសុន្ទរកថាជាភាសាបារាំងដោយថ្លែងទៅកាន់គណៈប្រតិភូជាង៨០ប្រទេសជាសមាជិកហ្រ្វង់កូហ្វូនី ,ប្រមុខរដ្ឋ, ប្រមុខរដ្ឋា​ភិបាល​ជាង២០ប្រទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ខណៈកម្ពុជាធ្វើជា ម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោល នូវភាពស៊ាំនឹងសង្រ្គាម។ ការកសាងសន្តិភាព ត្រូវការ​ពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

សម្ដេចធិបតី បន្ថែមថា គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវតែម្នាក់ឯងបានឡើយ។ ដូច្នេះ សម្ដេច សូមស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺ៖ ការបង្ការ ,ការត្រៀមខ្លួន និងការកសាងវិបុលភាព ។

សកម្មភាពទាំង៣ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឡើងនេះទី១-ការបង្ការ៖ សម្ដេចបានស្នើបង្កើតឱ្យមានបណ្តាញហ្វ្រង់កូហ្វូនី​សម្រាប់​ការបង្ការ និងការសម្រុះសម្រួល ដែលបណ្តាញនេះ នឹងប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័ននានា ។ តាមសំណើរបស់​រដ្ឋសមាជិក, បណ្តាញនេះ នឹងជួយសម្របសម្រួលកិច្ចសន្ទនា មុនពេលអំពើហិង្សាផ្ទុះ ឡើង។ការបង្ការទុកជាមុនតែងតែចំណាយតិចជាង​ការកសាង​ឡើងវិញ។ទី២-ការត្រៀមខ្លួន៖ យុវជនកំពុងធំធាត់ឡើង ក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត។ បច្ចេកវិទ្យានេះ អាចជួយព្យាបាលជំងឺ លើកកម្ពស់ការអប់រំ និងនាំមនុស្ស ឱ្យកាន់តែខិតជិតគ្នា ប៉ុន្តែវាក៏អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីបោកបញ្ឆោត និងបំបែកបំបាក់​មនុស្ស។ ក្នុងន័យនេះ សម្ដេចធិបតី សូមស្នើបង្កើតឱ្យមានកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្តុះបណ្តាលយុវជន ប្រមូលផ្តុំសាកលវិទ្យាល័យ និងចែករំលែកធនធានជា ភាសាបារាំង ដោយត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះប្រទេសដែលមានធនធានតិចតួចជាងគេ ។ នៅកម្ពុជា ការងារនេះបានចាប់ផ្តើមរួចទៅហើយ។ ដោយមានកិច្ច សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), យើងកំពុង​រៀបចំបង្កើត មជ្ឈមណ្ឌលជាតិសម្រាប់ បញ្ញាសិប្បនិម្មិត និង វិទ្យាសាស្ត្រទិន្នន័យ ។ ភាសាបារាំង ត្រូវតែមានភាពរស់រវើក នៅក្នុងការវិវត្ត​នៃបច្ចេកវិទ្យានាពេលអនាគត ពីព្រោះភាសាមួយមិនអាចរស់រាន មានជីវិតបានរហូត ដោយសារមរតកពីអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ។ ភាសានោះ នឹងបន្តមានជីវិតរស់រវើក តាមរយៈការបន្តច្នៃប្រឌិតលើអនាគតកាលរបស់ខ្លួន ។

ទី៣-ការកសាងវិបុលភាព៖ សន្តិភាព នាំមកនូវការផ្លាស់ប្តូរជីវភាព តាមរយៈការងារ និងប្រាក់ ចំណូល។ សន្តិភាព ក៏នាំមកដែរ​នូវ​សាលារៀន សម្រាប់កូនចៅរបស់យើង។ សន្តិភាព ជួយឱ្យយើង អាចកសាងប្រទេសឡើងវិញ និងឈានទៅរកភាពលូតលាស់​កាន់តែ​ប្រសើរ ហើយវិបុលភាពពិតប្រាកដជាការចែករំលែកនូវផ្លែផ្កានៃកំណើនជាមួយគ្នា។ សន្តិភាព ក៏ចូលរួមចំណែកដល់ការពង្រឹង ទំនាក់ទំនង​រវាងសហគ្រាស នៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសហគ្រាស នៃតំបន់អាស៊ាន។ ទាំងនេះ នឹងនាំមកនូវវិបុលភាពរួម សម្រាប់យើងទាំង​អស់គ្នា ។

សម្ដេចធិបតីបញ្ជាក់បន្ថែមថា ប្រវត្តិសាស្ត្របានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃមួយគឺ នៅពេលដែលកម្លាំងយោធាមាន​ឥទ្ធិពល​លើសលុប, នោះយើងត្រូវតែជ្រើសរើសយកផ្លូវច្បាប់, ហើយនៅពេលដែលការមិនទុកចិត្តគ្នាកាន់តែកើនឡើង យើងត្រូវតែជ្រើសរើស​យកកិច្ចសន្ទនា។ នេះមិនមែនជាភាពឆោតល្ងង់នោះទេ ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាពស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធា មិនអាចកសាងសន្តិភាពបាននោះឡើយ ។

សូមជម្រាបថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ។ តាមរយៈ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ រំពឹងថា កិច្ចប្រជុំកំពូលនឹងអនុម័តលើឯកសារសំខាន់ចំនួន៣៖ក្នុងនេះ៖១.សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញាចិត្ដផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនី ស្ដីពីសន្ដិសហវិជ្ជមាន កិច្ចសហប្រតិបត្ដិការ​ផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។ ២.សេចក្ដីសម្រេចស្ដីពីស្ថានភាពវិបត្ដិ ការស្ដារឡើងវិញ​ក្រោយវិបត្ដិ និងការកសាងសន្ដិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង៣.សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា