ឯកឧត្តម នេត្រ ភក្ត្រា៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា​ ជាការបើកទំព័រថ្មីមួយទៀត​នៃការចូលរួម​របស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម នេត្រ ភក្ត្រា៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា​ ជាការបើកទំព័រថ្មីមួយទៀត​នៃការចូលរួម​របស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី

ឯកឧត្តម នេត្រ ភក្ត្រា៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា​ ជាការបើកទំព័រថ្មីមួយទៀត​នៃការចូលរួម​របស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ អាចចាត់ទុកថាជាការបន្តមរតក​ប្រវត្តិសាស្ត្រ និងជាការបើកទំព័រថ្មីមួយទៀតនៃការចូលរួមរបស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ វាក៏ជា​​ឱកាសដ៏សំខាន់​​ក្នុង​ការ​​បង្ហាញពីអត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ បដិសណ្ឋារកិច្ច និងសមត្ថភាពរបស់កម្ពុជាក្នុ​ងការរៀបចំព្រឹត្តិការណ៍​​អន្តរជាតិ​កម្រិតខ្ពស់។ កម្ពុជាចង់ឱ្យភ្ញៀវអន្តរជាតិមិនត្រឹមតែស្គាល់ប្រទេសយើង​តាមរយៈ​ប្រាសាទអង្គរវត្ត និងបេតិក​ភណ្ឌវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែស្គាល់កម្ពុជាតាមរយៈប្រជាជនដែលមាន​បដិសណ្ឋារកិច្ចល្អ ស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងបំណងប្រាថ្នាចង់រស់នៅដោយសន្តិភាព។ កម្ពុជា​មិនត្រឹមតែចង់ឱ្យពិភព​លោកមក​​ស្គាល់កម្ពុជាទេ។ យើងក៏ចង់ឱ្យពិភពលោកបានស្តាប់បទពិសោធន៍ និងទស្សនវិស័យ​របស់កម្ពុជាផងដែរ។។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន និងជាអ្នកនាំពាក្យកិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបានបន្តថា ​ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូល​លើកទី២០ មានអត្ថន័យជ្រាលជ្រៅសម្រាប់កម្ពុជា ព្រោះ​​វាផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតនៃទំ​នាក់​ទំនងរបស់កម្ពុជាជាមួយសហគមន៍ហ្វ្រង់កូហ្វូនី។ ទំនាក់​​ទំនងនេះមានឫសគល់ជាប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់​នឹង​ព្រះរាជចក្ខុវិស័យរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលបានគាំទ្រការកសាង​សហ​គមន៍ហ្វ្រង់កូហ្វូនីតាំងពីដំណាក់កាលដំបូង។ ព្រះរាជបេសក​កម្ម និងព្រះរាជចក្ខុវិស័យរបស់ព្រះអង្គ បានឆ្លុះបញ្ចាំង​ពីការផ្តល់តម្លៃដល់ភាសា វប្បធម៌ ការអប់រំ និងកិច្ចសហប្រតិ​បត្តិការ​​អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ប្រធានបទនេះមានអត្ថន័យជ្រាលជ្រៅសម្រាប់កម្ពុជា។ សម្រាប់ប្រជាជន​កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបី ឬជាពាក្យស្លោកនោះទេ។​​ សន្តិភាព គឺជាតម្លៃដែលប្រជាជនកម្ពុជា​បានយល់ច្បា​​ស់​​​តាមរយៈបទពិសោធន៍ដ៏ឈឺចាប់នៃសង្គ្រាម ជម្លោះ ការបែកបាក់ និងការបាត់បង់។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានប្រឹងប្រែងកសាងប្រទេសឡើងវិញ។ បទពិសោធន៍នេះធ្វើឱ្យយើងយល់យ៉ាងច្បាស់ថា សន្តិភាព គឺជាលក្ខ​ខណ្ឌ​មូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ សុខុមាលភាពប្រជាជន និងអនាគតរបស់មនុស្សជំនាន់ក្រោយ។
នៅពេលគ្មានសន្តិភាព សាលារៀនអាចត្រូវបិទទ្វារ សកម្មភាពសេដ្ឋកិច្ចអាចត្រូវរាំងស្ទះ គ្រួសារអាចត្រូវបែកបាក់ ហើយប្រជាពលរដ្ឋស៊ីវិល ជាពិសេសស្ត្រី កុមារ និងជនងាយរងគ្រោះ តែងទទួលរងផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះ កម្ពុជា​ចង់ប្រើប្រាស់វេទិកាដ៏សំខាន់នេះ ដើម្បីចែករំលែកសារថា សន្តិភាពត្រូវតែត្រូវបានថែរក្សា ការពារ និង​​ពង្រឹងជាប្រចាំ។ សន្តិភាពមិនអាចស្ថិតនៅត្រឹមពាក្យពេចន៍ក្នុងសេចក្តីថ្លែងការណ៍នោះទេ។សន្តិភាពត្រូវតែបង្ហាញតាមរយៈការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពរបស់រដ្ឋ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និង​ការការពារជីវិតប្រជាជនស៊ីវិល។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន កម្ពុជាបន្តផ្តល់តម្លៃដល់ការសន្ទនា ការទូត ការអត់ធ្មត់ និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងជឿជាក់ថា សន្តិភាពមិនអាចកសាងបានដោយប្រទេស​ណាមួយ​​តែឯងនោះទេ។ សន្តិភាពត្រូវការការប្តេជ្ញាចិត្តរួម ការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមរបស់សហគមន៍​អន្តរ​ជាតិ។ កម្ពុជាមិនមកកាន់វេទិកានេះដោយមានតែសុន្ទរកថាអំពីសន្តិភាពទេ។ យើងមកជាមួយបទពិសោធន៍​ប្រវត្តិ​សាស្ត្ររបស់ប្រជាជាតិមួយ ដែលបានស្គាល់ទាំងតម្លៃនៃសន្តិភាព និងផលវិបាកនៃសង្គ្រាម។ នេះជាបទពិសោធន៍​​ដែល​​​​កម្ពុជា​​ចង់ចែករំលែកជាមួយសហគមន៍អន្តរជាតិ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា