ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល សរសើរកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតការពារសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល សរសើរកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតការពារសន្តិភាព

ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល សរសើរកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតការពារសន្តិភាព

ភ្នំពេញ៖ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ីណត ឌីស្ប៉ា (Benoît Dispa) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក បានថ្លែងការកោតសរសើរ ពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការផ្សះផ្សារ និងបញ្ចប់សង្គ្រាមពីអតីតកាល និងជំហរបច្ចុប្បន្ន ក្នុងការការពារសុខសន្តិភាព ដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានកោតសរសើរកម្ពុជា យ៉ាងខ្លាំងចំពោះការរៀបចំ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេស ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការថែរក្សាសន្តិភាព និងការដោះស្រាយជម្លោះ ជាមួយប្រទេសថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ហ្វ្រង់កូហ្វូនី គាំទ្រសន្តិភាព និងមានជំនឿមុតមាំថា បញ្ហានេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ ឯកឧត្តមបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាពលរដ្ឋកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូ យ៉ាងកក់ក្តៅជាទីបំផុត ព្រមទាំងមានស្នាមញញឹម ប្រកបដោយការស្រលាញ់ ការគោរព និងកិច្ចសហប្រតិបត្តិការ ។ ឯកឧត្តមប្រធានសភាសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យ ក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា ជាស្ថាប័នសំខាន់តំណាងឱ្យប្រជាពលរដ្ឋ ។

ក្នុងនាមពលរដ្ឋខ្មែរ សម្តេចរដ្ឋសភាធិបតី មានក្តីសប្បាយរីករាយ ដែលឯកឧត្តមបានដឹងការពិតពីកម្ពុជា ដូចដែលសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងឱកាសបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដូច្នេះដែរ។ កម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ ។ កម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់រួចហើយ ដូច្នេះ មិនត្រូវការសង្គ្រាមទៀតឡើយ ។ កម្ពុជា បានអរគុណ សហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងជំរុញឱ្យភាគីថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ។

កម្ពុជា ចង់ឃើញពលរដ្ឋរបស់ខ្លួនប្រមាណ ២ម៉ឺននាក់ ដែលបានភៀសខ្លួន បានវិលត្រឡប់ទៅលំនៅឋានវិញ ឆាប់ៗនេះ ហើយកម្ពុជា ប្រឆាំងដាច់ខាត និងមិនអាចទទួលយកបាននោះទេ ចំពោះការប្រើប្រាស់កម្លាំង ដើម្បីកំណត់បន្ទាត់ព្រំដែន ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងបែលហ្ស៊ិក ក៏ដូចជាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ដោយសង្ឃឹមថា ទំនាក់ទំនងនេះ នឹងបន្តរីកចម្រើនជាលំដាប់ ។

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា កម្ពុជា-បែលហ្ស៊ិក គប្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រែក្លាយភាពជាដៃគូរបស់យើង ឱ្យកាន់តែទូលំទូលាយ ជាក់ស្តែង និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ។

ចំពោះវិស័យពាណិជ្ជកម្ម កម្ពុជា ចង់ឃើញកំណើន នៃការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារបែលហ្ស៊ិក ក្នុងនោះមានផលិតផលកសិកម្ម ដូចជា អង្ករក្រអូប ម្រេចកំពត គ្រាប់ស្វាយចន្ទី និងផ្លែឈើកែច្នៃ ជាដើម។ ក្រៅពីនេះ សម្តេចក៏បានស្នើឱ្យបែលហ្ស៊ិក ជំរុញអ្នកវិនិយោគ និងទេសចរមកកាន់កម្ពុជា ព្រមទាំងផ្តល់ការគាំទ្រដល់ ការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាផងដែរ ។

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់រដ្ឋសភាប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងការផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំនៅគ្រប់កម្រិត មានកម្រិតថ្នាក់ដឹកនាំ កម្រិតគណៈកម្មការជំនាញ កម្រិតក្រុមមិត្តភាពសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម ។

ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ បែលហ្ស៊ិក បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ទាំងវិស័យអប់រំ និងបណ្តុះបណ្តាល។ ឯកឧត្តម មានជំនឿមុតមាំថា កម្ពុជា នឹងសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា