កម្ពុជា-បារាំង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ

កម្ពុជា-បារាំង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ

ក្នុងសន្និសីទសារព័ត៌មានរួមជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅឯវិមានសន្តិភាព នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏យូរអង្វែងរបស់បារាំងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចាប់តាំងពីឆ្នាំ ១៩៩៣មក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗនៅក្នុងវិស័យយុទ្ធសាស្ត្រ ដូចជា ថាមពល សុខាភិបាល គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម នឹងបង្កើតឱកាសថ្មីៗទៀត ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ។

ចំពោះវិស័យការពារជាតិ និងសន្តិសុខ ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី ៨០ នៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-បារាំង។ សម្តេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយោធារួមគ្នាក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ព្រមទាំងពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅលើការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពាក់ព័ន្ធនឹងវិស័យវប្បធម៌ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់បារាំង ក្នុងការអភិវឌ្ឍ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច ក្រោមការគាំទ្រដ៏មុតមាំរបស់បារាំង គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌យូរអង្វែងរវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី Macron នឹងយាង និងអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ នៅសៀមរាបនៅថ្ងៃស្អែក។

ទាក់ទងនឹងកិច្ចការតំបន់ និងអន្តរជាតិ កម្ពុជា-បារាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ដោយឡែកពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ នៅក្នុងន័យនេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាឯកឧត្តមប្រធានាធិបតីផ្ទាល់ ដែលបានខិតខំជួយសម្របសម្រួល រកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានាធិបតី Macron សម្រាប់ការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ ។

សម្ដេច ហ៊ុន ម៉ាណែត បានចាត់ទុកលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ឯកឧត្តម ប្រធានាធិបតី ថាបានផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ សម្ដេចសន្យាធ្វើការងារជាមួយឯកឧត្តមប្រធានាធិបតី ដើម្បីជំរុញកិច្ចការងារ និងកិច្ចសហប្រតិបត្តិការនេះ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា