សម្ដេច ហ៊ុន ម៉ាណែត៖ ភាពជាដៃគូកម្ពុជា-បារាំង ជាសក្ខីភាពបង្ហាញថា ប្រទេសតូចឬធំ អាចធ្វើការរួមគ្នាដោយស្មើមុខស្មើមាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេច ហ៊ុន ម៉ាណែត៖ ភាពជាដៃគូកម្ពុជា-បារាំង ជាសក្ខីភាពបង្ហាញថា ប្រទេសតូចឬធំ អាចធ្វើការរួមគ្នាដោយស្មើមុខស្មើមាត់

សម្ដេច ហ៊ុន ម៉ាណែត៖ ភាពជាដៃគូកម្ពុជា-បារាំង ជាសក្ខីភាពបង្ហាញថា ប្រទេសតូចឬធំ អាចធ្វើការរួមគ្នាដោយស្មើមុខស្មើមាត់

ក្នុងឱកាសចូលរួមធ្វើសន្និសីទសារព័ត៌មានរួមជាមួយឯកឧត្តម Emmanuel MACRON នៅវិមានសន្តិភាព នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយក្នុងការស្វាគមន៍ឯកឧត្តមប្រធានាធិបតីបារាំង និងគណៈប្រតិភូមកកាន់កម្ពុជានៅពេលនេះ គឺ៦០ឆ្នាំក្រោយដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ Charles de Gaulle និង ៣៣ឆ្នាំក្រោយដំណើរទស្សនកិច្ចរបស់ឯកឧត្តម François Mitterrand។​

សម្ដេចធិបតីបានគូសបញ្ជាក់ថា ភាពជាដៃគូកម្ពុជា-បារាំង គឺជាសក្ខីភាពបង្ហាញថា បណ្ដាប្រទេសទាំងអស់ ទោះតូចក្តី ឬធំក្តី អាចធ្វើការរួមគ្នាក្នុងនាមជាដៃគូស្មើមុខស្មើមាត់ ដើម្បីស្ដារជំនឿទុកចិត្ត និងពហុភាគីនិយម ព្រមទាំងរួមចំណែកដោះស្រាយបញ្ហារួម និងលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ។

សម្ដេចធិបតីបានបន្ថែមថា ឯកឧត្តមប្រធានាធិបតី Macron និងសម្ដេចទើបបានបញ្ចប់កិច្ចពិភាក្សា និងកំណត់អាទិភាពសម្រាប់ភាពជាដៃគូកម្រិតថ្មី ដែលជាត្រីវិស័យសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការឆ្លើយតបចំពោះបញ្ហាប្រឈមសន្តិសុខសកល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍សេចក្តីប្រកាសនយោបាយរួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន ដោយសម្ដេចបានលើកឡើងថា នេះជាឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយដៃគូក្នុងពេលតែមួយ។

លទ្ធផលប្រកបដោយផ្លែផ្កាទាំងនេះបង្ហាញពីវិសាលភាព និងភាពស៊ីជម្រៅនៃភាពជាដៃគូរវាងប្រទេសទាំងពីរ ព្រមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងបារាំង។

សូមបញ្ជាក់ថា ឯកសារទាំង ២៩ ដែលភាគីទាំងពីរបានចុះហត្ថលេខាក្រោមសហអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel MACRON រួមមាន៖

​១-កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី។
២-កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ។
៣-សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ។
៤-ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី។
៥-សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ។
៦-កិច្ចសន្យាបង្កើតទីផ្សារបោះដុំ។
រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជន ផ្សេងៗទៀតចំនួន២៣៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា