សភាអាស៊ានឯកភាពជាឯកច្ឆន្ទ បញ្ជ្រាបកថាខណ្ឌជំរុញដំណោះស្រាយព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាអាស៊ានឯកភាពជាឯកច្ឆន្ទ បញ្ជ្រាបកថាខណ្ឌជំរុញដំណោះស្រាយព្រំដែនកម្ពុជា-ថៃ

សភាអាស៊ានឯកភាពជាឯកច្ឆន្ទ បញ្ជ្រាបកថាខណ្ឌជំរុញដំណោះស្រាយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈប្រតិភូសភាកម្ពុជា បានទទួលការគាំទ្រជាឯកច្ឆន្ទពីសភាប្រទេសសមាជិក អាស៊ានទាំងអស់ ក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាពស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។

ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅរដ្ឋធានីម៉ានីឡា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន​ទី១ នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ទី សុគន្ធ បានសម្រេចជោគជ័យក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាព ស្តីពីវិបត្តិ​ព្រំដែន​កម្ពុជា-ថៃ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ដោយគ្មានការជំទាស់ពីប្រទេសណាមួយឡើយ។

ក្នុងសាររបស់អាយប៉ា ដែលអានដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ (Faustino Bojie G. Dy III) ប្រធានរដ្ឋសភា​ហ្វីលីពីន ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ (Ferdinand R. Marcos Jr.) បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ គោរព និងអនុវត្តដោយស្មោះត្រង់​នូវ​បទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) ,សេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥)។

ទន្ទឹមនឹងនេះ សាររបស់អាយប៉ា ក៏បានបញ្ជាក់នូវការគាំទ្រចំពោះតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងជំរុញឱ្យភាគីទាំងពីរសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

គួរបញ្ជាក់ថា តួលេខជនភៀសសឹកជាង ២ម៉ឺននាក់នេះ ត្រូវបានទទួលស្គាល់ និងបញ្ជាក់ជាផ្លូវការរួចហើយ នៅក្នុង​សេចក្តី​ថ្លែងការណ៍របស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ក្រៅពីសំណុំរឿងព្រំដែន ,កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រចំនួន ៤ បន្ថែមទៀត ទៅក្នុងសារ​របស់អាយប៉ា រួមមាន៖១. ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងជនស៊ីវិលជាដាច់ខាត,២. ការគ្រប់គ្រង​បញ្ញាសិប្បនិម្មិត (AI) និងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន,៣. ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោល»,៤. និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តថ្នាក់តំបន់ ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា គឺជាយន្តការប្រចាំឆ្នាំ​ដ៏មានសារៈ​សំខាន់​បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការនាំយកបំណងប្រាថ្នាពិត​ប្រាកដរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងវិបុលភាព៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា