ម៉ាឡេស៊ី ទិញមីស៊ីលប្រឆាំងនាវារបស់ តួកគី ជំនួសមីស៊ីល ន័រវេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ាឡេស៊ី ទិញមីស៊ីលប្រឆាំងនាវារបស់ តួកគី ជំនួសមីស៊ីល ន័រវេស

ម៉ាឡេស៊ី ទិញមីស៊ីលប្រឆាំងនាវារបស់ តួកគី ជំនួសមីស៊ីល ន័រវេស

គូឡាឡាំពួរ ៖ ម៉ាឡេស៊ីបានសម្រេចជ្រើសរើសបញ្ជាទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវា Atmaca ដែលផលិតដោយក្រុមហ៊ុនការពារជាតិរបស់ប្រទេសតួកគី ជំនួសឱ្យមីស៊ីល NSM របស់ប្រទេសន័រវេស ដើម្បីបំពាក់លើនាវាចម្បាំងប្រភេទ LCS របស់កងទ័ពជើងទឹកម៉ាឡេស៊ី ។

បើតាម New Strait Times, មីស៊ីល Atmaca ដែលរចនាឡើងដោយក្រុមហ៊ុន Roketsan គឺជាប្រព័ន្ធមីស៊ីលនាំផ្លូវប្រឆាំងនាវា ដែលមានសមត្ថភាពវាយប្រហារគោលដៅលើផ្ទៃសមុទ្រក្នុងចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រ ។

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បានឱ្យដឹងក្នុងពេលថ្មីៗនេះថា ការសម្រេចចិត្តនេះធ្វើឡើងក្រោយរដ្ឋាភិបាលបានវាយតម្លៃសំណើពីប្រទេសចំនួន៣ រួមមាន តួកគី បារាំង និងអ៊ីតាលី ដោយពិចារណាលើតម្លៃ, រយៈពេលដឹកជញ្ជូន និងការចំណាយដំបូង ។

លោក Khaled បន្តថា តួកគីត្រូវបានជ្រើសរើសជាប្រទេសផ្គត់ផ្គង់ដែលម៉ាឡេស៊ីពេញចិត្ត ហើយរដ្ឋាភិបាលនឹងចាប់ផ្តើមចរចាបន្ថែមជាមួយភាគីតួកគី មុនឈានទៅសម្រេចកិច្ចសន្យាទិញជាផ្លូវការ ។

ចំណុចសំខាន់មួយដែលធ្វើឱ្យម៉ាឡេស៊ីជ្រើសរើសមីស៊ីល Atmaca គឺដោយសារប្រទេសនេះបានបញ្ជាទិញប្រព័ន្ធមីស៊ីលប្រភេទដូចគ្នារួចហើយ សម្រាប់បំពាក់លើនាវាចម្បាំង LMS ដែលកំពុងសាងសង់នៅប្រទេសតួកគី ។

ដូច្នេះប្រព័ន្ធមីស៊ីលដែលបានទិញរួចស្រាប់នេះ អាចជួយឱ្យម៉ាឡេស៊ីទទួលបានមីស៊ីលមួយចំនួនសម្រាប់បំពាក់លើនាវាចម្បាំង LCS មុនកាលកំណត់នៃការបញ្ជាទិញថ្មីទាំងស្រុង ។

ប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះបន្ថែមថា ប្រសិនបើត្រូវចាប់ផ្តើមបញ្ជាទិញមីស៊ីលថ្មីពីដំបូង នោះដំណើរការផ្គត់ផ្គង់អាចចំណាយពេលប្រមាណ ៣០ខែ និងអាចធ្វើឱ្យការទទួលបានមីស៊ីលអូសបន្លាយដល់ឆ្នាំ២០២៩ ។

យ៉ាងណា ការផ្លាស់ប្តូរប្រព័ន្ធមីស៊ីលនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលន័រវែសមិនបានចេញអាជ្ញាបណ្ណនាំចេញ សម្រាប់ការផ្គត់ផ្គង់មីស៊ីលប្រឆាំងនាវា NSM ទៅឱ្យម៉ាឡេស៊ីនោះទេ ទោះបីជាប្រទេសនេះបានបំពេញកាតព្វកិច្ចទូទាត់ប្រាក់តាមកិច្ចសន្យាក៏ដោយ ។

ជាការឆ្លើយតប ភាគីម៉ាឡេស៊ីបានចាប់ផ្តើមដំណើរការដោះស្រាយវិវាទជាមួយក្រុមហ៊ុន Kongsberg Defence & Aerospace របស់ន័រវែស ដោយទាមទារប្រាក់សំណងរហូតដល់ ២៥១ លានដុល្លារ ៕

ប្រភព ៖ New Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា